អ៊ីស្រាអែលបានប្តេជ្ញាថា ទាល់តែក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំងទាំងជាង២៤០នាក់ ទើបមានបទឈប់បាញ់។ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បានប្តេជ្ញាបន្តការវាយលុកឥតឈប់ឈរនៅតំបន់ Gaza Strip ដោយបដិសេធសូម្បីតែការផ្អាកប្រយុទ្ធគ្នាជាបណ្តោះអាសន្ន រហូតទាល់តែក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ដោះលែងមកវីញនូវចំណាប់ខ្មាំងជាង២០០នាក់ ដែលពួកគេបានចាប់យកទៅ។
សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្សាយថា លោក Netanyahu បានព្រមានថា នឹងមិនមានបទឈប់បាញ់បណ្តោះអាសន្នណាមួយឡើយនៅ Gaza រហូតទាល់តែក្រុមហាម៉ាសដោះលែ ងចំណាប់ខ្មាំងដែលមានទាំងជនជាតិអ៉ីស្រាអែល និងជនបរទេសសរុបប្រហែល២៤១នាក់ ដែលពួកគេបានចាប់យកទៅ កាលពីអលុងការវាយប្រហារថ្ងៃទី៧ ខែតុលា លើអ៉ីស្រាអែល។ ការបដិសេធរបស់លោកនាយករដ្ឋមន្រ្តីអ៉ីស្រាអែល ចំពោះការផ្អាកប្រយុទ្ធគ្នានេះកើតមានឡើង បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken ទើបតែបានបំពេញទស្សនកិច្ចជាថ្មីម្តងទៀត មកកាន់អ៉ីស្រាអែលកាលពីថ្ងៃសុក្រសប្តាហ៍នេះ។
លោក Blinken បានស្នើឱ្យអ៉ីស្រាអែលយល់ព្រមចំពោះបទឈប់បាញ់បណ្តោះអាសន្ន ប៉ុន្តែលោកប្រមុខការទូតអាមេរិក បានចាកចេញប្រទេសអ៉ីស្រាអែលវិញហាក់ដោយបាតដៃទទេទាំងស្រុង បើទោះបីបានអំពាវនាវឱ្យអ៉ីស្រាអែល ព្យាយាមធ្វើយ៉ាងណាការពារអាយុជីវិតប្រជាជនស៉ីវិលប៉ាឡេស្ទីន នៅឯតំបន់ Gaza ក្នុងសង្រ្គាមដែលមានគោលដៅកម្ទេចក្រុមហាម៉ាសក៏ដោយ។ កន្លងម កអ៉ីស្រាអែលនិងសហរដ្ឋអាមេរិក ធ្លាប់បានច្រានចោលដូចគ្នា ចំពោះបទឈប់បាញ់ទាំងស្រុងនៅ Gaza ក្រោមហេតុផលថា វានឹងផ្តល់ឱកាសឱ្យហាម៉ាសអាចប្រមូលផ្តុំកម្លាំងនិងផ្គត់ផ្គង់សម្ភារឡើងវិញ ប៉ុន្តែក្រោយមកប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបង្ហាញសំឡេងគាំទ្រឱ្យមានការផ្អាកប្រយុទ្ធគ្នាជាលក្ខណៈបណ្តោះអាសន្ន និងតាមកន្លែងនៅក្នុងដែនដីប៉ាឡេស្ទីននេះ។
នៅថ្ងៃសៅរ៍នេះ លោក Blinken នឹងបើកកិច្ចពិភាក្សានៅប្រទេសជាប់អ៉ីស្រាអែល គឺហ៊្សកដានីជាមួយរដ្ឋមន្រ្តីការបរទេស មកពីប្រទេសអារ៉ាប់សរុបចំនួន៥ ដែលបានបង្ហាញក្តីកខ្វល់និងការខឹងសម្បារកាន់តែខ្លាំង ជុំវិញចំនួនជនស៉ីវិលបាត់បង់ជីវិតដ៏ច្រើនសម្បើម ដោយសារជម្លោះដែលឥឡូវឈានដល់សប្តាហ៍ទី៥ហើយនោះ៕
រូបថត: EPA