ខេត្តព្រៃវែង៖ នៅថ្ងៃអង្គារ ៩ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ចាប់តាំងពីព្រឹករហូតដល់ល្ងាច កម្លាំងនគរបាលខេត្តព្រៃវែង បានចុះសម្រួលចរាចរណ៍ការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនសិស្សានុសិស្សដែលមកប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០២៣ ដើម្បីបង្កភាពងាយស្រួល និងមានសណ្ដាប់ធ្នាប់ល្អកំឡុងពេលប្រឡងមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ ព្រមទាំងបានជួយការពារមធ្យោបាយយាន្ដជំនិះគ្រប់ប្រភេទ នៅតាមមណ្ឌលប្រឡង ទូទាំងខេត្តព្រៃវែង ដែលមានចំនួន ១៥ មណ្ឌល គឺនៅ ក្រុងព្រៃវែង ០៩មណ្ឌល, ស្រុកស្វាយអន្ទរ ០៣ មណ្ឌល និងស្រុកបាភ្នំ ០៣មណ្ឌល ។
សូមបញ្ជាក់ថា កម្លាំងនគរបាលខេត្តព្រៃវែង បានប្រជុំរៀបចំនូវផែនការការពារ សម្រាប់បែងចែកកម្លាំង ចុះការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍ តាមគោលដៅមណ្ឌលនីមួយៗ និងអនុវត្តបេសកកម្មនេះ ដោយស្មារតីយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់បំផុត ទោះស្ថិតនៅក្រោមកម្ដៅថ្ងៃនិងភ្លៀងរលឹមយ៉ាងណាក៏ដោយគឺដើម្បីធានារក្សាការពារឱ្យបាននូវសន្ដិសុខ សណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាឱ្យការប្រឡងប្រព្រឹត្តទៅបានដោយល្អប្រសើរ ។
នេះគឺជាបេសកកកម្មមួយ ដែលកម្លាំងនគរបាលខេត្តព្រៃវែង ខិតខំប្រឹងប្រែង គឺដើម្បីប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្អូនៗដែលមកប្រឡង ងាយស្រួលធ្វើដំណើរ និងមានសុខសុវត្ថិភាព និងដើម្បីបញ្ចៀស កាត់បន្ថយការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ឬគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ។
ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមជូនពរដល់ប្អូនៗឱ្យប្រឡងជាប់ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ដើម្បីក្លាយខ្លួនជាយុវជនដែលជាទំពាំងស្នងឫស្សីចូលរួមបម្រើសង្គម និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់មានភាពរីកចម្រើន ៕
ដោយ ៖ សហការី