ក្រុមអ៊ិស្លាមបង្កើតរដ្ឋ IS បានគម្រាមថា និងបើកការវាយប្រហារជាថ្មីទៅលើប្រទេសបង់ក្លាឌែស នាពេលខាងមុខ ក្រោយពេលក្រុមរបស់ខ្លួនបានសម្រេចគោលដៅក្នុងការវាយប្រហារទៅលើទីតាំងដែលបានគ្រោងទុក ក្នុងនោះបានសម្លាប់ជនបរទេស២០នាក់ ដែលភាគច្រើនមកពីប្រទេសលោកខាងលិច។
សារព័ត៌មាន Dhka Tribune បានផ្សាយថា យុទ្ធជន IS បានប្រកាសវីឌីអូស្តីពីការវាយប្រហារនៅក្នុងប្រទេសស៊ីរី ក្នុងទីក្រុង Raqqa នៅក្នុងឃ្លីបវីឌីអូនោះមានខ្មាន់កាំភ្លើង៣នាក់មកពីបង់ក្លាឌែស បានរិះគន់ទៅលើរដ្ឋាភិបាលប្រទេសនេះស្តីពីគោលនយោបាយដឹកនាំ ហើយប្រកាសថានឹងបន្តវាយប្រហារទៅលើទីក្រុង Dhaka ជាការសងសឹកទៅនឹងសកម្មភាពប្រឆាំងក្រុមអ៊ិស្លាមរបស់រដ្ឋាភិបាល។ ក្រុម IS មិនបង្អាក់សកម្មភាពវាយប្រហារនៅក្នុងប្រទេសបង់ក្លាឌែសនោះឡើយ។
កាលពីថ្ងៃទី១ ខែកក្កដា ក្រុមភេរវករបានបើកការវាយប្រហារចាប់មនុស្សជាច្រើនធ្វើជាចំណាប់ខ្មាំង ហើយបានសម្លាប់មនុស្ស២០នាក់ទៀតផង។ ប្រទេសនេះក៏បានកាន់ទុក្ខរយៈពេល២ថ្ងៃដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ទចំពោះជនរងគ្រោះស្លាប់ទាំង ២០នាក់ ក្នុងនោះមានជនបរទេសចំនួន១៨នាក់នៅក្នុងព្រឹត្តិការណ៍ចាប់មនុស្សធ្វើជាថ្នូរនៅក្នុងភោជនីយដ្ឋានមួយក្នុងទីក្រុងដាកា។ ព្រឹត្តិការណ៍សម្លាប់រង្គាលដែលអង្គការរដ្ឋអ៊ិស្លាមបានចេញមុខសារភាពជាស្នាដៃរបស់ពួកគេតែរដ្ឋាភិបាលបង់ក្លាដែសបែរជាបានធានាថា ពួកជីហាតទាំងនោះមិនមែនជាសមាជិករបស់អង្គការរដ្ឋអ៊ិស្លាមទេតែជាសមាជិករបស់ក្រុមនិយមជ្រុលក្នុងស្រុក។
នៅក្នុងបទអន្តរាគមន៍តាមទូរទស្សន៍លោកស្រីនាយករដ្ឋមន្រ្តីបង់ក្លាឌែស ឆេក ហាស៊ីណា បានជំរុញដល់ក្រុមនិយមជ្រុលឲ្យបញ្ឈប់ការសម្លាប់ជិវិតមនុស្សដើម្បីសាសនា។ អន្តរាគមន៍របស់ប្រមុខរដ្ឋាភិបាលបង់ក្លាឌែសបានធ្វើឡើង បន្ទាប់ពីមានជនប្រដាប់អាវុធមួយក្រុមបានចាប់មនុស្សធ្វើជាថ្នូរ នៅក្នុងភោជនីយដ្ឋានមួយក្នុងទីក្រុងដាកា រួចសម្លាប់ដោយកាំបិតអស់ ២០នាក់។ នៅក្នុងចំណោមមនុស្សស្លាប់ទាំង២០នាក់នោះមាន១៨នាក់ជាជនបរទេស គឺជនជាតិអ៊ីតាលី ៩នាក់ ជប៉ុន ៧នាក់ ឥណ្ឌា ១នាក់ និងអាមេរិកាំងមា្នក់។
ក្រោយព្រឹត្តិការណ៍នោះភ្លាម អង្គការរដ្ឋអ៊ិស្លាមបានចេញមុខសារភាពជាស្នាដៃរបស់ពួកគេ។ តែពេលនេះលោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃបែរជាបានប្រកាសដោយធានាច្បាស់ៗថា ពួកជ្រុលនិយមដែលបានចាប់មនុស្សធ្វើជាថ្នូររួចសម្លាប់នោះមិនមែនជាសមាជិករបស់អង្គការរដ្ឋអ៊ិស្លាមទេ តែជាសមាជិករបស់ចលនានិយមជ្រុលក្នុងស្រុកមួយឈ្មោះ Jamaeytul Mujahdeen Bangladesh ។ ផ្អែកតាមរូបរដ្ឋមន្រ្តីមហាផ្ទៃដដែល ចលនាជ្រុលនិយមមួយនេះត្រូវបានរដ្ឋាភិបាលហាមមិនឲ្យធ្វើសកម្មភាពក្នុងស្រុកតាំងពីជាង ១០ឆ្នាំកន្លងមក និងថា ចលនាមួយនេះមិនមានចំណងទាក់ទងណាមួយជាមួយអង្គការរដ្ឋអ៊ិស្លាមទេ។
យ៉ាងណាក៏ដោយ អំណះអំណាងរបស់លោករដ្ឋមន្រ្តីមហាផ្ទៃរបៀបនេះមិនមែនជាការយល់ឃើញរបស់ក្រុមអ្នកវិភាគមួយចំនួនទេ។ ក្រុមអ្នកវិភាគខ្លះបានយល់ថា ការដែលរដ្ឋាភិបាលក្រុងដាកាមិនព្រមទទួលស្គាល់ការពិតពីវត្តមាន ពួកជីហាតអង្គការរដ្ឋអ៊ិស្លាមនៅបង់ក្លាដែស គឺមកពីរដ្ឋាភិបាលបារម្ភខ្លាចក្រុមអ្នកវិនិយោគបរទេសដកទុនចេញពី បង់ក្លាឌែស។ រីឯក្រុមអ្នកវិភាគខ្លះទៀតបានជំរុញឲ្យរដ្ឋាភិបាលទទួលស្គាល់ការពិត និងហ៊ានចេញមុខចាត់វិធានការជាក់ស្តែងប្រឆាំងនឹងពួកជីហាតអង្គការរដ្ឋអ៊ិស្លាម៕
ប្រែសម្រួល៖ សាធី