អុីស្រាអែលប្ដេជ្ញាកម្ទេចក្រុមហាម៉ាស់និងគ្រប់គ្រងសន្តិសុខលើតំបន់ហ្គាហ្សាទាំងមូលក្រោយសង្រ្គាមបញ្ចប់

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា អ៉ីស្រាអែលនៅថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា បានអះអាងថាកងកម្លាំងរបស់ខ្លួនកំពុងធ្វើប្រតិបត្តិការ នៅចំកណ្ដាលបេះដូងនៃទីក្រុងហ្គាហ្សា(Gaza City) នៅក្នុងសង្រ្គាមមួយដែលលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ប្ដេជ្ញាកម្ទេចក្រុមហាម៉ាស់និងគ្រប់គ្រងសន្តិសុខ លើតំបន់ហ្គាហ្សាទាំងមូល ក្រោយពីសង្រ្គាមបញ្ចប់។

សង្រ្គាមរវាងអ៉ីស្រាអែលនឹងហាម៉ាស់បានឈានចូលខែទី២ហើយ ចាប់តាំងពីក្រុមអ្នកប្រយុទ្ធប៉ាឡេស្ទីនមួយនេះ បើកការវាយប្រហារលើភាគខាងត្បូងអ៉ីស្រាអែល

កាលពីថ្ងៃទី៧ ខែតុលា ដោយសម្លាប់ជនជាតិអ៉ីស្រាអែល ១៤០០នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិល។ រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន ផ្សាយតាមទូរទស្សន៍ថា កងទ័ពអ៉ីស្រាអែលកំពុងធ្វើប្រតិបត្តិការដោយមានភាពរីកចម្រើនទៅមុខ ចំកណ្ដាលបេះដូងនៃទីក្រុងហ្គាហ្សានិងកំពុងបង្កការលំបាក ដល់ក្រុមហាម៉ាស់។
បើតាមលោក Gallant មេដឹកនាំជាន់ខ្ពស់ម្នាក់ របស់ក្រុមហាម៉ាស់ ឈ្មោះ Yahya Sinwar និងជាអ្នកនៅពីក្រោយការសម្រេចចិត្ត បើកការវាយប្រហារលើអ៉ីស្រាអែល កំពុងជាប់នៅក្នុងលេណដ្ឋាន និងត្រូវបានកាត់ផ្ដាច់ពីកងកម្លាំងរបស់ខ្លួន រីឯទីបញ្ជាការរបស់មេដឹកនាំហាម៉ាស់រូបនេះក៏កំពុងទន់ខ្សោយផងដែរ។ ប៉ុន្តែក្រុមហាម៉ាស់មិនបានធ្វើអត្ថាធិប្បាយអ្វីនោះទេ ពាក់ព័ន្ធនឹងជោគវាសនារបស់លោក Sinwar។
ខណៈដែលអ៉ីស្រាអែល អះអាងពីភាពរីកចម្រើននៃការវាយលុក ក្រុមហាម៉ាសឯណោះវិញក៏បានអះអាងដែរថា ក្រុមអ្នកប្រយុទ្ធរបស់ខ្លួន បានបង្កការខាតបង់ធ្ងន់ធ្ងរ និងបង្អាក់ដំណើរទៅមុខ របស់កងទ័ពអ៉ីស្រាអែល។ ភ្លាមៗ គេមិនទាន់អាចបញ្ជាក់ពីការអះអាង របស់ភាគីទាំងសងខាងបាននៅឡើយទេ ស្របពេលបើតាមក្រុមមន្ត្រីសុខាភិបាលហ្គាហ្សាចំនួនមនុស្សស្លាប់នៅក្នុងការវាយប្រហារសងសឹក របស់អ៉ីស្រាអែល លើតំបន់ហ្គាហ្សាចាប់តាំងពីថ្ងៃទី៧ ខែតុលាមក បានកើនដល់ជាង ១០០០០នាក់ហើយ ក្នុងនោះភាគច្រើនជាជនស៊ីវិលដែលមានកុមារ ៤០ភាគរយនៃអ្នកស្លាប់៕ ដោយធីរីណា

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print