កិច្ចប្រជុំមហាសន្និបាតលើកទី៤២ នៅទីស្នាក់ការកណ្ដាលរបស់អង្គការយូណេស្កូ

ចែករំលែក៖

ទីក្រុងប៉ារីស៖ ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអោយដឹងថា៖ លោកបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំគណៈប្រតិភូកម្ពុជាផ្នែកអប់រំចូលរួមកម្មវិធីបើកជាផ្លូវការកិច្ចប្រជុំមហាសន្និបាតលើកទី៤២ នៅទីស្នាក់ការកណ្ដាលរបស់អង្គការយូណេស្កូ ដោយមានការចូលរួមពីតំណាងប្រទេសជាសមាជិកចំនួន១៦០ប្រទេស នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

នាឱកាសនោះដែរ លោកបណ្ឌិត ក៏បានជួបសម្តែងការគួរសម និងពិភាក្សាលើការអប់រំនាពេលអនាគត ជាមួយលោកស្រី អ៊ុន បុផ្ផាណា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការយូណេស្កូ ព្រមទាំងបានជួបសំណេះសំណាលជាមួយលោកស្រី អាន ឡឺមេស្ត្រ អតីតប្រធានអង្គការយូណេស្កូប្រចាំកម្ពុជា នាទីក្រុងប៉ារីស ប្រទេសបារាំង។

លោកបណ្ឌិត រដ្ឋលេខាធិការ នឹងថ្លែងសុន្ទរកថា ស្ដីពី ”ផែនការអប់រំនាពេលអនាគត” ក្នុងកម្មវិធីខួបលើកទី ៦០ឆ្នាំ របស់វិទ្យាស្ថានអន្តរជាតិសម្រាប់ផែនការអប់រំ (IIEP)។ ឯកឧត្ដមនឹងចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតខ្ពស់ថ្នាក់រដ្ឋមន្ត្រីស្ដីពី “ការអប់រំដើម្បីសន្តិភាព” ព្រមទាំងចូលរួមអបអរសាទរការដាក់ឱ្យផ្សព្វផ្សាយរបាយការណ៍សាកលលោករបស់អង្គការយូណេស្កូ ស្តីពី “គ្រូបង្រៀន” នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ និងពិធីផ្ដល់ពានរង្វាន់សម្រាប់គ្រូបង្រៀនសកលលោក។

លោកបណ្ឌិតនឹងថ្លែងសុន្ទរកថា ស្ដីពី “គោលនយោបាយអប់រំទូទៅ” នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្ដាលអង្គការយូណេស្កូផងដែរ ៕

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print