សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យកងទ័ពបង្កើនជំនាញប្រឆាំងភេរវកម្មបន្ថែម បើទោះកម្ពុជាគ្មានការគំរាមកំហែងពីភេរវករក្តី

ចែករំលែក៖

ភ្នំពេញ : សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចាត់ទុកកិច្ចការងារប្រឆាំងអំពើភេរវកម្មជារឿងសំខាន់ ដែលកងទ័ពត្រូវបង្កើនជំនាញបន្ថែមទៀតក្នុងការប្រយុទ្ធប្រឆាំង បើទោះជាកម្ពុជាគ្មានការគំរាមកំហែងក្តី។

ទោះយ៉ាងណា សម្តេចបានលើកឡើងថា គេមិនអាចទស្សន៍ទាយបានទេថា កម្ពុជានឹងគ្មានអំពើភេរវកម្ម តែកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីទប់ទល់នឹងបញ្ហានេះ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេសនៅថ្ងៃទី១០ វិច្ឆិកា ឆ្នាំ ២០២៣» សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា កន្លងមកមានករណីជាច្រើនបានកើតឡើងពាក់ព័ន្ធនឹងបញ្ហានេះ ពោលគឺនៅពេលដែលភេរវករបានរៀបចំផែនការវាយប្រហារក្នុងទឹកដីកម្ពុជា រាជរដ្ឋាភិបាលអាចទប់ស្កាត់និងអាចបង្ការបានទាន់ពេលវេលា។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងសុទិដ្ឋិនិយមថា កម្ពុជានឹងមិនក្លាយជាគោលដៅនៃការប្រហារដោយអំពើភេរវកម្មនោះឡើយ តែបើកើតមានក្នុងហេតុផលណាមួយនោះ គឺកម្ពុជាបានបង្ការនិងទប់ស្កាត់បានទាន់ពេលវេលា តាមរយៈការបង្កើនសមត្ថភាពនិងជំនាញប្រយុទ្ធប្រឆាំងអំពើភេរវកម្មដល់កងទ័ពរបស់ខ្លួន។ សម្តេចធិបតី បានជំរុញឲ្យកងទ័ពត្រៀមលក្ខណៈជាប់ជាប្រចាំដើម្បីឆ្លើយតបទៅនឹងសេណារីយ៉ូ ឬក៏ហេតុការណ៍អាក្រក់ជាយថាហេតុណាមួយដែលអាចនឹងកើតមានឡើង។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីក្ដីបារម្ភទាក់ទងទៅនឹងសង្គ្រាមបែបថ្មីគឺទាក់ទងទៅនឹងបច្ចេកវិទ្យាឧក្រិដ្ឋកម្មឆ្លងដែន និងភារវកម្ម ដោយបញ្ចាឲ្យកងទ័ពពង្រឹងសមត្ថភាពត្រៀមឆ្លើយតបនឹងសង្គ្រាមបែបថ្មីនេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាបច្ចុប្បន្នសង្គ្រាមបែបប្រពៃណីហាក់ពុំមានឥទ្ធិពលច្រើននោះទេនៅកម្ពុជា។ក៏ប៉ុន្តែសម្រេចបានសង្កេតឃើញនៅមានសង្គ្រាមបែបថ្មីមួយទៀតដែលទាក់ទងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាភារវកម្ម និងសង្គ្រាមបច្ចេកវិទ្យា។

សម្ដេចថា៖ «ពីមុនគឺយើងត្រៀមសម្រាប់សង្គ្រាមបែបប្រពៃណី តែត្រូវការត្រៀមឆ្លើយតបនឹងសង្គ្រាមបែបថ្មី រួមទាំងការជួយសង្គ្រោះក្នុងពេលគ្រោះមហន្តរាយ»។

សម្ដេចអធិបតីជំរុញឲ្យកងទ័ពទាំងអស់ពង្រឹងនិងសមត្ថភាព និងផ្ដោតជាពិសេសបំផុតទៅលើការធ្វើទំនើបកម្មសមត្ថភាពជាពិសេសគឺសមត្ថភាពការពារខ្លួន និងបច្ចេកវិទ្យា៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print