ភ្នំពេញ ៖ទោះជាតម្រូវការខ្សែរចង្វាក់ផ្គត់ផ្គង់ជាសកល កំពុងធ្លាក់ចុះ សម្រាប់ពាណិជ្ជកម្ម កម្ពុជា-ចិន នៅតែរឹងមាំ ដោយសារកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) បាននាំឱ្យការដោះដូរទំនិញរវាងប្រទេសទាំង២ កើនដល់ ១០ ពាន់លានដុល្លារ ក្នុងរយៈពេល ១០ ខែ ឆ្នាំ២០២៣។
ការដោះដូរទំនិញរវាងកម្ពុជា និងចិន បានកើនឡើងដល់ ១០ ពាន់លានដុល្លារ ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៣ ពោលគឺកើនឡើង ៤,៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមតួលេខចេញផ្សាយដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (GDCE)។ របាយការណ៍នេះបន្តថា ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា តាមពីក្រោយដោយសហរដ្ឋអាមេរិក,វៀតណាម,ថៃ និងជប៉ុន។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ប៉ែន សុវិជាតិ បានឱ្យដឹងថា កម្ពុជាចាត់ទុកប្រទេសចិនគឺជាទីផ្សារធំមួយ ហើយប្រទេសចិនគឺជារោងចក្រផលិតទំនិញដ៏ធំសម្រាប់ពិភពលោក និងជាប្រភពផ្គត់ផ្គង់វត្ថុធាតុដ៏សំខាន់សម្រាប់ឧស្សាហកម្មកម្ពុជា។ លោកមានជំនឿចិត្តថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងនៅតែបន្តរីកចម្រើនជាវិជ្ជមានតទៅមុខទៀត។
លោករដ្ឋលេខាធិការមានប្រសាសន៍ថា៖«ចិនដែលសព្វថ្ងៃនេះជារោង ចក្រផលិតរបស់ពិភពលោក ជាប្រភពផ្តល់វត្ថុធាតុដើមដ៏សំខាន់ សម្រាប់ឧស្សាហកម្មកម្ពុជា។ការនាំចេញទៅចិនបានឈរនៅលំដាប់លេខ ១សម្រាប់កម្ពុជា។ទំហំពាណិជ្ជកម្មរបស់យើងឃើញថាក៏នៅតែទំហំពាណិជ្ជកម្មមួយដែលមានលទ្ធ ភាពពង្រីកបានតទៅអនាគត»។ លោកបន្ថែមថា កម្ពុជារំពឹងខ្លាំងលើការនាំចេញកសិផល និងផលិតផលវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើងមួយចំនួនទៅកាន់ទីផ្សារចិន។
លោករដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង លើក ឡើងទៀតថា ៖ «យើងរំពឹងខ្លាំងទៅលើការនាំចេញកសិផល ការនាំចេញផលិតផលជាគ្រឿងបំណែក គ្រឿបង្គុំមួយចំនួនទៅប្រទេសចិន។ ការនាំចេញសម្លៀក បំពាក់ ស្បែកជើង វត្ថុធាតុខ្លះត្រឡប់ទៅចិន ដើម្បីបន្តនាំចេញទៅទីផ្សារខាងក្រៅ។ ចំណែកចិន មើលឃើញប្រទេសកម្ពុជាជាទីផ្សារមួយដែលស្រូបសម្ភារមួយចំនួនជារបស់ប្រើ ប្រាស់ សម្ភារសំណង ជាវត្ថុធាតុដើម ដើម្បីបម្រើឧស្សាហកម្មនាំ ចេញដែរ។ ប៉ុន្តែ ទន្ទឹមនឹងនេះ អ្នកវិនិយោគិនមកពីប្រទេសចិន ក៏បានមកធ្វើការវិនិយោគជាទ្រង់ទ្រាយធំតាមរយៈការបង្កើតតំបន់ឧស្សាហកម្ម ឬក៏តំបន់សេដ្ឋកិច្ចពិសេស»។
កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ដែលកិច្ចព្រមព្រៀងទាំងពីរនេះ បានចូលជា ធរមានកាលពីឆ្នាំ២០២២ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនទំហំពាណិជ្ជកម្មនៅពេលនេះ៕់ដោយ៖សុរិយា