ភ្នំពេញ៖ មុនពេលឡើងយន្តហោះចេញទៅសម្តែងនៅប្រទេសអូស្ត្រាលី កាលពីល្ងាចថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦នេះ តារាចម្រៀងប្រចាំផលិតកម្ម Pleng Record កញ្ញា វ៉ាន់ នីឡា បានប្រកាសអំពីជំហរថានឹងមិនទទួលការសម្របសម្រួលក្រៅរបងតុលាការនោះទេ។ ការបញ្ជាក់នេះក្រោយពីការស្វែងរកយុត្តិធម៌រកអ្នកបង្ហោះរូបអាកា្រតកាយរបស់នាងនៅមិនទាន់មានពន្លឺនៅឡើយ។
រហូតមកដល់ពេលនេះគេនៅមិនទាន់បានដឹងនៅឡើយទេថា ចំណាត់ការផ្នែកផ្លូវច្បាប់ចំពោះជននៅពីក្រោយការទម្លាយរូបថតអាក្រាតកាយរបស់តារាចម្រៀង វ៉ាន់ នីឡា ជាអ្នកណានៅឡើយ ខណៈដែលសាមីខ្លួននៅបន្តរំពឹងខ្ពស់នៅឡើយថា ច្បាប់នៅកម្ពុជានិងរកយុត្តិធម៌សម្រាប់រូបនាង។ វ៉ាន់ នីឡាបញ្ជាក់ថា នាងនៅតែទទូចចង់បានយុត្តិធម៌ខណៈដែលកិត្តិយសនាងត្រូវគេបំផ្លាញដែលនាងស្ទើរតែមិនហ៊ានដើរចេញក្រៅផ្ទះ។ តារាស្រីវ័យ២៥ឆ្នាំរូបនេះបញ្ជាក់ថា ទោះបីជាអ្នកទម្លាយរូបនាងជាអ្នកណា ហើយបើទោះបីជាមានអ្នកជួយអន្តរាគមន៍ពីក្រោយប៉ុណ្ណាក្តីក៏នាងនឹងតស៊ូជំនះដល់ទីបំផុត។ នាងថា បើទោះពីជារងការគំរាម គៀបសង្កត់ ឬផ្តល់ប្រាក់ឲ្យនាងច្រើនសន្ធឹកសន្ធាប់យ៉ាងណាក៏ដោយក៏នាងមិនបោះបង់ឬដកពាក្យបណ្តឹងទៅកាន់អ្នកធ្វើឲ្យនាងបាត់បង់កិត្តិយសដែរ។ នាងថាមុនពេលចាកចេញទៅសម្តែង នៅប្រទេសអូស្ត្រាលីចំនួន៥សប្តាហ៍ក្តីក៏ដំណើរចេញទៅរបស់នាងនឹងមិនប៉ះពាល់ដល់ករណីផ្តឹងប្តល់នោះទេព្រោះតែនាងបានពិភាក្សា និងប្រគល់សិទ្ធិដល់មេធាវីនាងរួចរាល់ហើយដែរ។ នាងបញ្ជាក់ថា ការចេញទៅសម្តែងនៅលើទឹកដីនៃប្រទេសអូស្ត្រាលីនៅពេលនេះនឹងធ្វើឲ្យនាងមានពេលច្រើនសម្រាកលម្ហែអារម្មណ៍ និងបំពេញការចង់បានរបស់អ្នកផលិតកម្មវិធីនិងអ្នកគាំទ្រនៅប្រទេសអូស្ត្រាលី។ នាងរំពឹងថា នឹងទទួលបានការលើកទឹកចិត្តច្រើនពីប្រជាជនខ្មែររស់នៅទីនោះដែលមិនខុសគ្នានឹងប្រជាជនខ្មែររស់នៅលើទឹកដីនៃប្រទេសកម្ពុជា ហើយការប្រឈមមុខនឹងបញ្ហាផ្សេងៗគឺនាងបានត្រៀមខ្លួនរួចជាស្រេចផងដែរ។
វាន់ នីឡាលើកឡើងដែរថា ការចេញមុខជាសាធារណៈរបស់នាងជាបន្តបន្ទាប់នេះគឺតបតាមការផ្តល់កម្លាំងចិត្ត និងមិនចង់ផ្តេកផ្តួលទៅតាមបញ្ហាប្រឈមនៅក្នុងជីវិត ហើយនាងនឹងតស៊ូជំនះគ្រប់រឿងរ៉ាវដែលកើតឡើងនៅចំពោះមុខ។
គួរបញ្ជាក់ដែរថា កាលពីអំឡុងដើមខែមិថុនាឆ្នាំ២០១៦នេះ គេបានឃើញលេចចេញនូវរូបថតអាក្រាយមួយចំនួនដែលមានរូបខ្លះមិនមានសម្លៀកបំពាក់ជាប់នឹងខ្លួនត្រូវបានគេចែកចាយពេញបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។ មុនពេលលេចធ្លាយរូបថតនេះលោក សុខ ជំនោរ ជាអ្នកនិពន្ធល្បីឈ្មោះ និងជាបងប្រុសរបស់ កញ្ញា វ៉ាន់ នីឡា បានដឹកដៃប្អូនស្រី ចូលបំភ្លឺពាក់ព័ន្ធនឹងបណ្ដឹងគំរាមលើប្អូនស្រី លោក ។ អតីតសង្សាររបស់ វ៉ាន់ នីឡា ត្រូវបានស្ថិតនៅពីក្រោយការសង្ស័យនៃការទម្លាយរូបថតទាំងនេះគឺក្រោយពីនាងនិងសង្សារមានជម្លោះជាមួយនឹងគ្នាដែលពេលខ្លះឈានដល់អំពើហិង្សានោះ ទើបជំរុញឲ្យនាង និងក្រុមគ្រួសារសម្រេចចិត្តដាក់ពាក្យប្ដឹង។
បើទោះបីជាមានញតិដែលមានស្នាមមេដៃជាង៣០០របស់សិល្បករត្រូវបានប្រគល់ជូនក្រសួងវប្បធម៌ក្តីក៏គេនៅមិនទាន់ដឹងនៅឡើយដែរថា តើតុលាការសាលាដំបូងរាជធានីភ្នំពេញនឹងធ្វើចំណាត់ការលើករណីនេះយ៉ាងណានៅឡើយ៕
ដោយ៖ វឌ្ឍនា