នាយឧត្តមសេនីយ៍ វង្ស ពិសេន ជួបសម្ដែងការគួរសមប្រធានសេនាធិការចម្រុះគណៈកម្មាធិការយោធាមជ្ឈឹមចិន

ចែករំលែក៖

(ក្វាងតុង)៖ ក្នុងដំណើរទៅចូលរួមពិធីបិទសមយុទ្ធពហុសាសន៍ “សន្តិភាព មិត្តភាព-ឆ្នាំ២០២៣” ដែលធ្វើឡើងនៅខេត្តក្វាងតុង ភាគខាងត្បូងប្រទេសចិន នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពកម្ពុជាចូលជួបសម្ដែងការគួរសម នាយឧត្តមសេនីយ៍ លីវ ជេន លិក ប្រធានសេនាធិការចម្រុះ គណៈកម្មាធិការយោធាមជ្ឈឹម នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណចំពោះ នាយឧត្តមសេនីយ៍ លីវ ជេន លិក ដែលបានអញ្ជើញគណៈប្រតិភូកងទ័ពកម្ពុជាមកទស្សនកិច្ចនៅចិន ដើម្បីចូលរួមទស្សនាការសម្តែងសមយុទ្ធពហុសាសន៍ “សន្តិភាព មិត្តភាព-២០២៣” ដោយនាយឧត្តមសេនីយ៍ បញ្ជាក់ថា តាមរយៈទស្សនកិច្ចនេះនឹងនាំមកនូវការពង្រឹងទំនាក់ទំនងជាប្រពៃណីរវាងកងទ័ពប្រទេសទាំងពីរ ក៏ដូចជាលើកទឹកចិត្ត គាំទ្រដល់កិច្ចខិតខំរបស់កងកម្លាំងបណ្តាប្រទេសចូលរួមក្នុងសមយុទ្ធនេះឱ្យទទួលបានជោគជ័យ រួមចំណែកថែរក្សាសន្តិភាព មិត្តភាព ស្ថិរភាព ការអភិវឌ្ឍ និង សុខុមាលភាពសម្រាប់ប្រជាជនក្នុងតំបន់។

ក្នុងនាមក្រសួងការពារជាតិ និងអគ្គបញ្ជាការ នាយឧត្តមសេនីយ៍វង្ស ពិសេន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងទ័ពរំដោះប្រជាជនចិន ដែលបានផ្តួចផ្តើមគំនិតក្នុងការធ្វើជាម្ចាស់ផ្ទះសមយុទ្ធពហុសាសន៍៦ប្រទេសនេះឡើង ជាពិសេសមិត្តចិនដែលបានជួយសម្របសម្រួល និងឧបត្ថម្ភគាំទ្រដល់កងយោធពលខេមរភូមិន្ទ រួមចំណែកដល់ការពង្រឹងឯករាជ្យម្ចាស់ការរបស់កម្ពុជា និងលើកមុខមាត់កម្ពុជានៅក្នុងតំបន់ និងពិភពលោក។

នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានអះអាងពីការបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវអនុស្សរណៈយោគយល់ និងពិធីសារស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិប្រទេសទាំងពីរ ដែលបានព្រមព្រៀងកន្លងមក ដូចជាការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្ដូរព័ត៌មានចារកិច្ចក្នុងទិសដៅប្រយុទ្ធប្រឆាំងនឹងក្រុមជ្រុលនិយម ការទប់ស្កាត់បដិវត្តន៍ពណ៌ និងការទប់ស្កាត់ឧក្រិដ្ឋកម្មផ្សេងៗ។

ជាកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ លីវ ជេន លិក បានគូបញ្ជាក់ពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការដ៏ល្អ ដែលប្រទេសចិននិងកម្ពុជា បានអនុវត្តកន្លងមកលើគ្រប់លើវិស័យ ជាពិសេស ការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន នៅក្នុងយុគសម័យថ្មី ឆ្នាំ២០២៤-២០២៨ ដែលជាផែនការសហប្រតិបត្តិការយ៉ាងសំខាន់សម្រាប់ជាផលប្រយោជន៍ប្រជាជនប្រទេសទាំងពីរ។

ដោយឡែកលើវិស័យកងទ័ព នាយឧត្តមសេនីយ៍ លីវ ជេន លិក បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កងទ័ពរំដោះប្រជាជនចិន និងកងយោធពលខេមរភូមិន្ទ បានប្រាស្រ័យទំនាក់ទំនងគ្នាយ៉ាងស្អិតរមួត និងក្នុងកម្រិតខ្ពស់ ហើយកំពុងមានការរីកចម្រើនលូតលាស់ទៅមុខ ទទួលបានលទ្ធផលផ្លែផ្កាជាច្រើន។

នាយឧត្តមសេនីយ៍ លីវ ជេន លិក ជឿជាក់ថា ទៅថ្ងៃអនាគតទំនងរវាងកងទ័ពប្រទេសទាំងពីរកាន់តែរឹងមាំ តាមរយៈចំណងមិត្តភាពប្រកបដោយការជឿទុកចិត្តគ្នា និងការគោរពគ្នាទៅវិញទៅមក រួមជាមួយនឹងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ដែលនាំមកនូវផលប្រយោជន៍ទៅវិញទៅមក ការអភិវឌ្ឍរីកចម្រើនរួមគ្នា និងការរួមសុខរួមទុក្ខលើមូលដ្ឋាននៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ «មិត្តភាពដែកថែប និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន»៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print