ភ្នំពេញ៖ ក្រសួងការងារ អនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់ឈប់សម្រាកដោយមានប្រាក់ឈ្នួល ពីថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក។
ជាក់ស្ដែងនៅក្នុងសេចក្ដីជូនដំណឹងខាងលេីនេះ បានបញ្ជាក់ថាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសូមជូនដំណឹងដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងារឱ្យបានជ្រាបថា យោងតាមច្បាប់ស្តីពីការងារ និងប្រកាសលេខ ២៤៣/២២ ក.ប/ប្រក.អធក ចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ស្តីពីការឈប់បុណ្យដែលមានប្រាក់ឈ្នួលប្រចាំឆ្នាំ២០២៣ សូម លោក លោកស្រី ជាម្ចាស់ឬនាយកសហគ្រាស គ្រឹះស្ថាន អនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួនឈប់សម្រាកដោយ មានប្រាក់ឈ្នួលនាឱកាស ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ ក្នុងរយៈពេល បីថ្ងៃ គឺថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
ចំពោះសហគ្រាស គ្រឹះស្ថានទាំងឡាយណា ដែលកម្មវត្ថុអាជីវកម្មមានចរិតលក្ខណៈសកល ត្រូវប្រព្រឹត្តទៅ ជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាកបុណ្យនៃកម្មករនិយោជិតទាំងអស់ព្រមគ្នាក្នុង ពេលតែមួយនាំឱ្យខូចប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឱ្យខូចដំណើរការរបស់សហគ្រាស គ្រឹះស្ថាន នោះម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានត្រូវរៀបចំបែងចែកឱ្យកម្មករនិយោជិតបានឈប់សម្រាកទៅតាមថ្ងៃបុណ្យនីមួយៗ ដោយផ្លាស់វេនគ្នា។ កម្មករនិយោជិតដែលធ្វើការថ្ងៃឈប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនេះ មានសិទ្ធិទទួលនូវប្រាក់បំណាច់បន្ថែមដែលមានចំនួនស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា។ ម្ចាស់ឬនាយក សហគ្រាស គ្រឹះស្ថាន ត្រូវរៀបចំបញ្ជីឈ្មោះកម្មករនិយោជិតដែលត្រូវផ្លាស់ប្តូរគ្នាឈប់សម្រាកតាមកាលបរិច្ឆេទនីមួយៗ ខាងលើ និងរក្សាទុកជាប្រចាំសម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ។
ក្នុងករណីមានការព្រមព្រៀងគ្នារវាងកម្មករនិយោជិតសាមី និងនិយោជក ឬមានចែងក្នុងបទបញ្ជាផ្ទៃក្នុងរបស់សហគ្រាស គ្រឹះស្ថាន ឬអនុសញ្ញារួម ការឈប់សម្រាករបស់កម្មករនិយោជិតអាចអនុវត្តនៅពេលណាមួយផ្សេងទៀតដែលខុសពីថ្ងៃឈប់សម្រាកបុណ្យដូចមានកំណត់ក្នុងប្រកាសលេខ ២៤៣/២២ ខាងលើ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ឬនាយកសហគ្រាស គ្រឹះស្ថាននិង កម្មករនិយោជិតទាំងអស់ចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាព៕ដោយ៖សហការី
ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៖