ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី នៃកម្ពុជា បានស្នើឲ្យបញ្ឈប់ជាបន្ទាន់ការប្រើប្រាស់យ័ន្តការពារដើម្បីបំពានច្បាប់ចរាចរណ៍។ បើតាមសម្តេចធិបតី នាយករដ្ឋមន្ត្រី យ័ន្តការពារ គឺសំដៅទៅលើខ្នងបង្អែករបស់អ្នកបើកបរ ដែលចាំកាងការពារនៅពេលដែលខ្លួនបានប្រព្រឹត្តបទល្មើសចរាចរណ៍។
ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្ដាម ទៅដល់បាត់ដំបង និងបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ ទៅដល់ប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់បញ្ឈប់ការប្រើប្រាស់យ័ន្តការពារដើម្បីបំពានច្បាប់ចរាចរណ៍។ សម្តេចបានសង្កត់ធ្ងន់ថា យ័ន្តដែលជាខ្នងបង្អែកនោះ មិនអាចជួយអ្វីបានឡើយ នៅពេលដែលមានការរឹតបន្តឹងច្បាប់ចរាចរណ៍។
ជាមួយគ្នានេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងក្តីព្រួយបារម្ភចំពោះគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងច្រើនគួរឲ្យបារម្ភ ជាពិសេសអ្នកបំពានច្បាប់ចរាចរណ៍ ដែលបណ្តាលឲ្យមានអ្នករងរបួសធ្ងន់ស្រាល និងរហូតដល់បាត់បង់អាយុជីវិតទៀតផង។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់គ្រប់ ភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសុវត្តិភាពក្នុងការធ្វើដំណើរតាមដងផ្លូវ។
សូមបញ្ជាក់ថា ៖ ផ្លូវជាតិលេខ៥ ប្រវែងសរុបជាង ៣៣០គីឡូម៉ែត្រ ត្រូវបានធ្វើឱ្យប្រសើរឡើងវិញក្នុងរយៈពេល ៧ឆ្នាំ ដោយប្រើថវិកាសរុបប្រមាណ ៦៩១លានដុល្លារអាមេរិកដែលជាឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន។
ផ្លូវជាតិលេខ៥ គឺជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១ (AH1) ដែលតភ្ជាប់គ្នារវាងទីក្រុងបាងកក រាជធានីភ្នំពេញ និងទីក្រុងហូជីមិញ និងជាខ្សែផ្លូវស្ថិតក្នុងរបៀងសេដ្ឋកិច្ចខាងត្បូងដ៏មានសក្តានុពលដែលនឹងជំរុញឱ្យមានការប្រកួតប្រជែងខ្លាំងក្នុងមហាអនុតំបន់មេគង្គ (GMS) និងក្នុងតំបន់អាស៊ានផងដែរ។
លោក អ៊ូអិណុ អាត់ស៊ូស៊ី បានថ្លែងឱ្យដឹងថា កម្ពុជាត្រូវបានរំពឹងទុកថានឹងក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់។ លោកបន្តថា ផ្លូវជាតិលេខ៥ ដែលតភ្ជាប់ពីភ្នំពេញ ទៅប្រទេសវៀតណាមនិងថៃ នឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធយ៉ាងសំខាន់សម្រាប់បម្រើឱ្យការអភិវឌ្ឍក្នុងតំបន់ និងជួយសម្រួលដល់ការផ្លាស់ប្តូរធនធានមនុស្ស និងសម្ភារ ក៏ដូចជាទំនិញផ្សេងៗឱ្យកាន់តែរលូនជាមួយនឹងប្រទេសថៃ និងវៀតណាម។
លោកបន្តថា ផ្លូវជាតិលេខ៥នេះ នឹងរួមចំណែកឱ្យកម្ពុជាក្លាយជាគោលដៅស័ក្តិសមសម្រាប់ការវិនិយោគឯកជន និងជួយគាំទ្រដល់ការលើកកម្ពស់សេដ្ឋកិច្ច និងកម្រិតជីវភាពរបស់ពលរដ្ឋនៅប្រទេសកម្ពុជា និងតំបន់មេគង្គទាំងមូល។
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា គម្រោងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥នេះ គឺជានិមិត្តរូបនៃទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា និងជប៉ុន។ សម្តេចធិបតីរំពឹងថា រដ្ឋាភិបាលជប៉ុននឹងបន្តគាំទ្រក្នុងការកសាង និងការអភិវឌ្ឍនៅកម្ពុជាជាបន្តទៀត ខណៈឆ្នាំនេះខួប៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន៕