ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ ដែលរៀបចំឡើងនៅសណ្ឋាគារសុខា។
សូមជម្រាបជូនថា សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជា» គឺជាវេទិកាដ៏មានសារៈសំខាន់ប្រមូលផ្តុំអ្នកជំនាញ បើកកិច្ចពិភាក្សាលើប្រធានបទនានា ពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច និងសង្គម ដើម្បីជាធាតុចូលសម្រាប់ដោះស្រាយបញ្ហាប្រឈម និងស្វែងរកកាលានុវត្តភាពសម្រាប់ជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា។ សន្និសីទនេះ បានធ្វើឡើងជារៀងរាល់ឆ្នាំ រយៈពេលជាង១០ឆ្នាំមកហើយ។ សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ ធ្វើឡើងក្រោមប្រធានបទ «ចក្ខុវិស័យ ប្រទេសកម្ពុជាឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត៖ ការកំណត់មាគ៌ាសម្រាប់វិបុលភាពប្រកបដោយភាពធន់ និរន្តរភាព និងបរិយាប័ន្ន»។
កម្ពុជា បានកំណត់គោលដៅប្រកបដោយមហិច្ឆិតា ក្នុងការប្រែក្លាយទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានសេដ្ឋកិច្ចជឿនលឿននៅឆ្នាំ២០៥០។ដើម្បីស្វែងរកមាគ៌ាឆ្ពោះទៅមុខ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានផ្តួចផ្តើមការស្រាវជ្រាវយ៉ាងទូលំទូលាយមួយ ដើម្បីរួមចំណែកដល់ចក្ខុវិស័យនេះ។
សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ ដែលរៀបចំឡើយដោយវិទ្យាស្ថាន CDRI នឹងបង្ហាញ អំពីវឌ្ឍនភាពនៃការសិក្សាស្រាវជ្រាវដែលកំពុងបន្តនេះ និងធ្វើការវាយតម្លៃលើជម្រើសគោលនយោបាយ ដែលកើតចេញពីសេណារីយ៉ូនាពេលអនាគតប្រកបដោយព័ត៌មានគ្រប់ជ្រុងជ្រោយ។
ចំពោះសន្និសីទចក្ខុវិស័យប្រទេសកម្ពុជានេះដែរ បានដើរតួជាវេទិកាសំខាន់មួយ សម្រាប់ថ្នាក់ដឹកនាំជាង៥០០នាក់ រួមទាំងមន្ត្រី រដ្ឋាភិបាល អ្នកសិក្សាស្រាវជ្រាវ និងអ្នកជំនាញការជាតិ និងអន្តរជាតិ មករួមគ្នាដើម្បីដោះស្រាយ បញ្ហាប្រឈមសំខាន់ៗរបស់កម្ពុជា។ សន្និសីទនេះ មានក្រុមពិភាក្សាសំខាន់ៗចំនួន៣វគ្គ។ វគ្គពិភាក្សានីមួយៗ ត្រូវបានរៀបចំឡើងដោយផ្តោតលើបញ្ហាសំខាន់ៗ អំពីទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា អាទិភាពនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងសក្កានុពលក្នុងការដកស្រង់បទពិសោធ ដើម្បីធ្វើឱ្យមានការរីកចម្រើនតាមគន្លងអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។ កិច្ចពិភាក្សាជានីមួយៗ មានគោលបំណងផ្តល់នូវការយល់ដឹងជាក់ស្តែង ជំរុញឱ្យមានកិច្ច សន្ទនាស៊ីជម្រៅ និងផ្តល់នូវការយល់ដឹងទូលំទូលាយ អំពីទិដ្ឋភាពនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។
គួរបញ្ជាក់ថា តាមរយៈសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣នេះ វិទ្យាស្ថាន CDRI បន្តការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការប្រមូលផ្តុំមេដឹកនាំដែលមានឥទ្ធិពលបំផុតពីប្រទេសកម្ពុជា អាស៊ីអាគ្នេយ៍។ល។ ដើម្បីជម្នះបញ្ហាប្រឈម និងយល់ដឹងពីចក្ខុវិស័យរបស់ប្រទេសកម្ពុជាឆ្នាំ២០៣០ និងចក្ខុវិស័យឆ្នាំ២០៥០៕ដោយ៖សហការី