ខេត្តពោធិ៍សាត់៖ លោកវរសេនីយ៍ត្រីកងទ័ពជើងគោកម្នាក់ ត្រូវបានប្អូនថ្លៃទាញពូថៅកាប់ក្បាលផុងលលាដ៏ស្លាប់នូវពេលបញ្ជូនទៅមណ្ឌលសុខភាព ខណៈមានទំនាស់ពាក្យសម្ដីបន្តិចបន្តូចនៅក្នុងគ្រួសារ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង១៥នាទីយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចលើដីក្រោមផ្ទះស្ថិតក្នុងភូមិអូរអញ្ចាញ ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីសមត្ថកិច្ចចុះស្រាវជ្រាវក្នុងហេតុការណ៍ខាងលើនេះបានឱ្យដឹងថា សពបុរសរងគ្រោះឈ្មោះ ឃុត ឃាង (ហៅរឿន) អាយុ ៥១ឆ្នាំ រស់នៅភូមិអូរអញ្ចាញ ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ជាមន្ត្រីកងទ័ពជើងគោគមានឋានៈវរសេនីយ៍ត្រី)។ រីឯជនសង្ស័យដៃដល់ត្រូវជាប្អូនថ្លៃ (ប្រពន្ធនិងប្រពន្ធជាបងប្អូនបង្កើត) ឈ្មោះ បាន ខ្លឹម ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា (គ្រួសារនេះរស់នៅផ្ទះជាមួយគ្នា)។
ប្រភពព័ត៌មានពីសមត្ថកិច្ចកំពុងស្រាវជ្រាវបន្តថា ករណីនេះបង្កឡើងដោយជនសង្ស័យដៃដល់ជាប្អូនថ្លៃដែលគេអះអាងថាឧស្សាហ៍ស្រវឹងស្រា ហើយទំនាស់ពាក្យសម្ដីនៅក្នុងគ្រួសារជាញឹកញយ មូលហេតុជាបឋមផ្តើមចេញពីកូនប្រុសជនដៃដល់អាយុប្រមាណ ៤-៥ឆ្នាំ វាយំឲ្យលើកឡើងលើផ្ទះ ខណៈនោះឪពុកធំ (ជនរងគ្រោះ) បាននិយាយទៅក្មួយថា ហែងស័កិ្តប៉ុន្មានមិនព្រមឡើងលើផ្ទះសុខចិត្តយំឲ្យគេលើកឡើង និយាយមិនទាន់ផុតមាត់ផងស្រាប់តែជនដៃដល់ជាប្អូនថ្លៃនិងជាឪពុងក្មេងទាញពូថៅកាប់ចំក្បាលផ្នែកខាងក្រោយ បណ្តាលឲ្យផុងលលាដ៏ប្រកាច់ក្នុងផ្លុកឈាមដាច់ខ្យល់ស្លាប់នៅពេលបញ្ជូនទៅមណ្ឌលសុខភាពបឹងកន្ទួត។ ប្រភពដដែលខាងលើបន្តទៀតថាក្រោយទទួលព័ត៌មានបានភ្លាមសមត្ថកិច្ចជំនាញពាក់ព័ន្ធច្រើននាក់ បានចុះទៅដល់កន្លែងកើតហេតុ បានឡោមព័ទ្ធនិងតាមចាប់ជនសង្ស័យដៃដល់ពេញមួយយប់ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ប៉ុន្តែមិនបានលទ្ធផលនោះទេ ហើយក៏គ្មានតម្រុយអ្វីនោះដែរថាជនសង្ស័យរូបនេះគេចខ្លួនទៅពួនសង្ងំនៅទីណានោះឡើយ។
ទោះជាយ៉ាងណានៅព្រឹកថ្ងែទី៨ ខែកក្កដា ឆ្នាំ២០១៦នេះ សមត្ថកិច្ចជំនាញពាក់ព័ន្ធកំពុងធ្វើការស្រាវជ្រាវរកមូលហេតុជាក់លាក់នៅឡើយ៕
ដោយ៖ ប៉ឹម ពិន
ប៉ឹម ពិន (08-07-2016) មានរូប