ប្រទេសជប៉ុន ៖ នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមតាំងបង្ហាញផលិតផលខ្មែរនៅក្នុង
ពិព័រណ៍ “Cambodia Water Festival” នៅសួនកម្សាន្តយ៉ូយ៉ូហ្គី ទីក្រុងតូក្យូ ដើម្បីគាំទ្រក្រុមហ៊ុនជប៉ុន BMI ដែលរៀបចំពិព័រណ៍នេះឡើងក្នុងក្របខ័ណ្ឌអបអរសាទរខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូតនិងមិត្តភាពរវាងកម្ពុជា-ជប៉ុន និងការវិលត្រឡប់មកវិញនូវការរៀបចំព្រះរាជពិធីបុណ្យអ៊ុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីបរបស់កម្ពុជាក្នុងឆ្នាំ២០២៣។
នៅក្នុងពិព័រណ៍នេះ ស្ថានទូតកម្ពុជា បានដាក់តាំងបង្ហាញនូវផលិតផលសក្តានុពលកម្ពុជាជាច្រើនមុខរួមមាន៖ អង្ករ គ្រាប់ស្វាយចន្ទី ម្រេច សណ្តែកខៀវ ត្រីផាត់ សាច់គោផាត់ កាហ្វេ តែ ស្ករត្នោត ដំណាប់ស្វាយ ស្រាស ទឹកខ្មេះ នំស្រួយធ្វើពីអង្ករ វត្ថុអនុស្សាវរីយ៍ ក្រម៉ា ផលិតផលសិប្បកម្ម កាបូបយួរធ្វើពីសូត្រនិងផ្តៅ ម្ហូបអាហារខ្មែរ ព្រមទាំងអំបុកផងដែរ ក្នុងគោលបំណងរួមចំណែកផ្សព្វផ្សាយ ជំរុញទីផ្សារផលិតផលខ្មែរ ទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគិនជប៉ុនមកកាន់ប្រទេសកម្ពុជាកាន់តែច្រើនឡើងថែមទៀត។
ក្នុងឱកាសនោះផងដែរ លោក ឯកអគ្គរាជទូត ក៏បានស្វាគមន៍ ឯកឧត្តម Shinsuke OKUNO សមាជិកសភាជប៉ុន ដែលបានអញ្ជើញមកទស្សនាស្តង់របស់ស្ថានទូតនាព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកានេះ៕
ដោយ ៖ សហការី