សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្សាយថា ក្រុមហាម៉ាស់ប៉ាឡេស្ទីន បានបន្តដោះលែងចំណាប់ខ្មាំងជាជនជាតិអ៉ីស្រាអែលចំនួន១៣នាក់ និងជនជាតិថៃចំនួន៤នាក់ទៀត ហើយប្រគល់ទៅឱ្យអង្គការកាកបាទក្រហមអន្តរជាតិ (ICRC) នៅថ្ងៃទី២ នៃបទឈប់បាញ់បណ្តោះអាសន្នជាមួយអ៉ីស្រាអែល។
ក្រសួងការបរទេសកាតារបានឱ្យដឹងថា ចំណាប់ខ្មាំងខាងលើត្រូវបាន ICRC នាំចាកចេញពីតំបន់ Gaza Strip តាមច្រកព្រំដែន Rafah ដែលនៅជាប់ប្រទេសអេហ្ស៉ីប ហើយពួកគេបានទៅដល់អ៉ីស្រាអែលនៅថ្ងៃអាទិត្យនេះ។ នៅក្នុងចំណោមជនជាតិអ៉ីស្រាអែលទាំង១៣នាក់ គឺមានស្រ្តី៦នាក់និងអនីតិជន៧នាក់។ ជាការដោះដូរគ្នា អ៉ីស្រាអែលបានដោះលែងជនជាតិប៉ាឡេស្ទីនចំនួន៣៩នាក់បន្ថែមទៀត ដែលរួមមានស្រ្តី៦នាក់និងអនីតិជន៣៣នាក់ ចេញពីពន្ធនាគារ២កន្លែងរបស់ខ្លួន។
ចំណែកកាលពីថ្ងៃសុក្រសប្តាហ៍នេះវិញ ដែលជាថ្ងៃដំបូងនៃបទឈប់បាញ់បណ្តោះអាសន្ន ក្រុមហាម៉ាស់បានដោះលែងចំណាប់ខ្មាំងជាជនជាតិអ៉ីស្រាអែលចំនួន១៣នាក់ ក្នុងនោះរួមមានស្រ្តីវ័យចំណាស់និងអនីតិជន ជាថ្នូរនឹងការដោះលែងស្រ្តីព្រមទាំងអនីតិជនប៉ាឡេស្ទីនចំនួន ៣៩នាក់ចេញពីពន្ធនាគារអ៉ីស្រាអែល។ ក្នុងថ្ងៃដដែលនោះ ក្រុមហាម៉ាស់ក៏បានដោះលែងជនជាតិហ្វីលីពីនម្នាក់និងជនជាតិថៃ១០នាក់ផងដែរ។ នាថ្ងៃអាទិត្យនេះ ក្រសួងការបរទេសថៃបានអះអាងថា នៅមានចំណាប់ខ្មាំងជនជាតិថៃ១៨នាក់ទៀតនៅ Gaza។
បទឈប់បាញ់បណ្តោះអាសន្នរវាងអ៉ីស្រាអែលនឹងហាម៉ាស់បានចូលជាធរមានកាលពីថ្ងៃសុក្រសប្តាហ៍នេះ ដែលជាការផ្អាកការប្រយុទ្ធគ្នាលើកដំបូងក្នុងសង្រ្គាមរវាងភាគីទាំងពីរ ដែលបានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា នៅពេលក្រុមខ្មាន់កាំភ្លើងហាម៉ាស់បានចូលសម្លាប់មនុស្ស១,២០០នាក់នៅអ៉ីស្រាអែល ហើយចាប់ចំណាប់ខ្មាំងប្រហែល២៤០នាក់។ ក្នុងការវាយប្រហារសងសឹកវិញរបស់អ៉ីស្រាអែល មនុស្សជិត១៥,០០០នាក់ហើយបានស្លាប់នៅតំបន់ Gaza។
បទឈប់បាញ់បណ្តោះអាសន្នខាងលើមានគោលដៅដោះលែងចំណាប់ខ្មាំងសរុបចំនួន៥០នាក់ ដែលស្ថិតក្នុងកណ្តាប់ដៃរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននៅ Gaza ព្រមទាំងអ្នកទោសសរុបចំនួន១៥០នាក់នៅពន្ធនាគាររបស់អ៉ីស្រាអែលក្នុងរយៈពេល៤ថ្ងៃ៕ ដោយធីរីណា
រូបថត: Reuters