ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា៖ កម្លាំងសមត្ថកិច្ចដែលឈរតាមគោលដៅនៃថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ថ្ងៃទី១ បានប្រទះឃើញក្មេងប្រុសស្រីចំនួន ០៤នាក់ ដែលវង្វេងពីក្រុមគ្រួសារ។
ប្រភពដដែលបន្តថា ជាក់ស្ដែងក្មេងប្រុសម្នាក់ដែលវង្វេងពីក្រុមគ្រួសារ នៅវេលាម៉ោង ២និង១០នាទីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចបានស្វែងរកឃើញក្មេងប្រុសខាងលើ និងបានប្រគល់ជូនទៅម្តាយវិញ។
ក្មេងស្រីម្នាក់ដែលវង្វេងពីក្រុមគ្រួសារ នៅចំណុចសួនច្បារ មុខវត្តឧណ្ណាលោម ពេលនេះក្រុមគ្រួសារបានមកយកក្មេងស្រីត្រឡប់ទៅផ្ទះវិញហេីយ នៅថ្ងៃនេះ។
ជាមួយគ្នានេះ មានករណីក្មេងប្រុសម្នាក់បានវង្វេងពីក្រុមគ្រួសារ នៅចំណុចសួនច្បារ មុខវត្តឧណ្ណាលោម ហើយសមត្ថកិច្ចបាននាំមកកាន់ទីបញ្ជាការស្រាលA7 ដើម្បីស្វែងរកអាណាព្យាបាល។
របាយការណ៍ដដែលបន្តថា មានករណីក្មេងស្រីម្នាក់បានវង្វេងពីក្រុមគ្រួសារ នៅចំណុចសួនច្បារ មុខវត្តឧណ្ណាលោម ហើយសមត្ថកិច្ចបាននាំមកកាន់សាលាខណ្ឌដូនពេញ ដើម្បីស្វែងរកអាណាព្យាបាល។
គួរជម្រាបជូនថា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅពេលប្រជាពលរដ្ឋត្រូវការជំនួយ សូមទំនាក់ទំនងមកកាន់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលមានលេខទូរស័ព្ទដូចខាងក្រោម៖ 016 266 522 / 012 976 262 / 097 818 6262 / 023 725 306 / 023 725 161៕ដោយ៖សហការី