ភ្នំពេញ ៖ សូមអបអរសាទរព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ឆ្នាំ២០២៣!អនុលោមតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីបនិងសំពះព្រះខែ ឆ្នាំ២០២៣ នេះ លោកសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពផ្តល់សេវាសុខាភិបាលរបស់ក្រុមប្រតិបត្តិការសាមុយ របស់មន្ទីរពេទ្យកាល់ម៉ែត រួមមានសកម្មភាពការងារក្រុមប្រតិបត្តិការឆ្លើយតបទូរស័ព្ទស្តង់ដារ១១៩ ការពិនិត្យសម្ភារៈ បរិក្ខារពេទ្យបំពាក់ក្នុងរថយន្តសាមុយ និងសកម្មភាពការងាររបស់ក្រុមគ្រូពេទ្យសាមុយនៃមន្ទីរពេទ្យកាល់ម៉ែតដែលកំពុងប្រចាំការនៅគោលដៅ តង់ទី៦ ដើម្បីបម្រើសេវាសុខាភិបាល ក្នុងឱកាសដែលប្រទេសកម្ពុជាបានរៀបចំប្រារព្ធពិធីបុណ្យអុំទូក បណ្តែត ប្រទីប និងសំពះព្រះខែក្នុងរាជធានីភ្នំពេញឡើងវិញក្រោយពីវិបត្តិជំងឺកូវីដ-១៩ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
ឆ្លៀតក្នុងឱកាសនេះដែរ លោកសាស្ត្រាចារ្យអគ្គនាយកបានមានប្រសាសន៍ផ្តាំផ្ញើដល់ក្រុមការងារគ្រប់ៗរូប ត្រូវយកចិត្តទុកដាក់បំពេញបេសកកម្មរបស់ខ្លួនដោយស្មារតីយកចិត្តទុកដាក់ និងដោយការទទួលខុសត្រូវខ្ពស់ ព្រមទាំងសហការជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធ ឆ្លើយតបនឹងតម្រូវផ្នែកសុខភាពជូនថ្នាក់ដឹកនាំជាន់ខ្ពស់ និងប្រជាពលរដ្ឋឱ្យទទួលបានជោគជ័យ។
ជាចុងបញ្ចប់ លោកសាស្ត្រាចារ្យ ក៏បានថ្លែងអំណរគុណដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងលះបង់កម្លាំងកាយចិត្ត ចូលរួមបំពេញភារកិច្ចរបស់ខ្លួនដោយឈរលើស្មារតីសាមគ្គីភាព និងបានជូនពរដល់ក្រុមការងារទាំងអស់មានសុខភាពល្អបរិបូណ៍បន្តកិច្ចការឱ្យទទួលបានលទ្ធផលផ្លែផ្កា៕
ដោយ ៖ សិលា