ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃចន្ទទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចូលរួមអបអរសាទរថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
សូមជម្រាបជូនថា សម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីម្សិលមិញនេះ បានចូលរួមដង្ហែរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបើកការប្រណាំងទូក នៅព្រះពន្លាជ័យខាងមុខព្រះបរមរាជវាំង នាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
សម្ដេចធិបតី ក៏បានបង្ហាញពីទិដ្ឋភាពនៃការអញ្ជេីញមកទស្សនា ការប្រណាំងទូក យ៉ាងច្រេីនកុះករ និងសប្បាយរីករាយពីសំណាក់លោកតាលោកយាយ អ៊ំពូមីង បងប្អូន មកពីទូទាំងប្រទេស ក្រោមម្លប់នៃសុខសន្តិភាព និងសុវត្ថិភាព បន្ទាប់ពីខនខានអស់រយៈពេល ៣ឆ្នាំកន្លងមក ដោយសារការរាតត្បាតនៃជំងឺឆ្លងសាកល កូវីដ-១៩។
សម្ដេចធិបតី សូមជូនពរ លោកតាលោកយាយ អ៊ំពូមីង បងប្អូនទាំងអស់ ទទួលបាននូវភាពសប្បាយរីករាយ និងសុខសុវត្ថិភាព ក្នុងការធ្វេីដំណេីរ នាឱកាសនៃការប្រារព្ធព្រះរាជពិធីបុណ្យជាតិដ៏ធំមួយនេះផងដែរ៕ដោយ៖សហការី