សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣បានផ្សាយថា រដ្ឋមន្ត្រីការបរទេសបារាំង លោកស្រី Catherine Colonna បាននិយាយថា ប្រទេសរបស់លោកស្រីសង្ឃឹមថាបទឈប់បាញ់បណ្ដោះអាសន្ននៅក្នុងសង្រ្គាមរវាងអ៉ីស្រាអែលនឹងក្រុមហាម៉ាស់ នឹងត្រូវអូសបន្លាយរហូតដល់ក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងទាំងអស់។
ក្រុមហាម៉ាស់ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បានដោះលែងចំណាប់ខ្មាំងក្រុមទី៣ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនចេញពីពន្ធនាគារអ៉ីស្រាអែល អំឡុងបទឈប់បាញ់ដែលបានចូលជាធរមានកាលពីថ្ងៃសុក្រសប្ដាហ៍មុនមក។ ប៉ុន្តែ អ៉ីស្រាអែលបានប្ដេជ្ញាថាខ្លួននឹងបន្តការធ្វើ សង្រ្គាម នៅក្រោយបទឈប់បាញ់រយៈពេល៤ថ្ងៃ អស់សុពលភាព ដើម្បីបន្តបេសកកម្មកម្ទេចក្រុមហាម៉ាស់។
យ៉ាងណាក៏ដោយ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍បារាំង BFMTV លោកស្រី Catherine Colonna បានគូសបញ្ជាក់ដូច្នេះថា «យើងស្នើឱ្យមានការដោះលែងចំណាប់ខ្មាំងទាំងអស់ ហើយនេះនឹងក្លាយជារឿងល្អ ជាក្ដីសង្ឃឹម និងចាំបាច់ដើម្បីឱ្យបទឈប់បាញ់អាចបន្តសុពលភាព»។ បើតាមលោកស្រី Colonna មិនទាន់មានចំណាប់ខ្មាំងជាជនជាតិបារាំងណាម្នាក់ត្រូវបានដោះលែងនៅឡើយទេ។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បានស្ថិតនៅក្នុងចំណោមអ្នកដែលបានជំរុញឱ្យមានការអូសបន្លាយបទឈប់បាញ់ផងដែរ នៅ ចំពោះមុខវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរក្នុងតំបន់ហ្កាហ្សាចាប់តាំងពីសង្រ្គាមផ្ទុះឡើងមក។ អ៉ីស្រាអែលបានអះអាងថា ក្រុមហាម៉ាស់បានចាប់ចំណាប់ខ្មាំង ២៤០នាក់ អំឡុងការវាយប្រហាររបស់ពួកគេលើអ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដោយសម្លាប់មនុស្ស ១២០០នាក់ ភាគច្រើនជាជនស៊ីវិល។
ប៉ុន្តែការវាយប្រហារសងសឹករបស់អ៉ីស្រាអែលលើតំបន់ហ្កាហ្សា ចាប់តាំងពីពេលនោះមកដែរ បានសម្លាប់ជនជាតិប៉ាឡេស្ទីនជិត ១៥,០០០នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិល និងកុមាររាប់ពាន់នាក់៕ ដោយធីរីណា
រូបថត: CNN