ភ្នំពេញ៖ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា៖ មានភ្ញៀវទេសចរជាតិ-អន្តរជាតិ បានមកដើរលេងកម្សាន្តជិត ៣លាននាក់ នៅរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ២ថ្ងៃកន្លងមកនេះ។
លោកអ្នកនាំពាក្យ បានគូសបញ្ជាក់ថា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ២ថ្ងៃមកនេះ មានភ្ញៀវទេសចរជាតិ-អន្តរជាតិ បានមកដើរលេងកម្សាន្ត ប្រមាណជិត ៣លាននាក់។ ក្នុងនោះ ថ្ងៃទី ១ មានអ្នកដើរលេងកម្សាន្ដប្រមាណជាង ១លាន ២សែននាក់ និងថ្ងៃទី ២ មានប្រមាណជាង ១លាន ៧សែននាក់។
លោក ម៉េត មាសភក្ដី បានថ្លែងបន្តថា ចំពោះការងាររក្សាសន្តិសុខសុវត្ថិភាព មានល្អប្រសើរ ហើយបរិស្ថានអនាម័យ ក៏មិនចោទជាបញ្ហាផងដែរ ដោយភ្នាក់ងារសម្អាតបានយ៉ាងល្អ នៅក្នុងតំបន់ព្រះរាជពិធី មានកាកសំណល់ប្រមាណជាង ២០០តោន ត្រូវបានប្រមូល និងដឹកចេញ។
ជាមួយគ្នានេះ លោក ស៊ូ សាវ៉ន ប្រធានការិយាល័យសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏បានឱ្យដឹងដែរថា៖ ក្រោយព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី២ ត្រូវបានបព្ចាប់កាលពីយប់មិញ (ថ្ងៃទី២៧ ខែវិច្ឆិកា) លោកបានពិនិត្យឃើញ នៅតាមទីតាំងសប្បាយភាពនានា មានគំនរសំរាមយ៉ាងច្រើនសន្ធឹកសន្ធាប់នៅលើសួនច្បារ គឺច្រើនលើស ២០ភាគរយ បើប្រៀបធៀបថ្ងៃទី ១ នៃព្រះរាជពិធីបុណ្យអុំទូកនេះ។
លោកប្រធានការិយាល័យសួនច្បាររូបនេះ បានបន្តថា សម្រាប់ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ កម្លាំងដែលប្រចាំការសម្រាប់ការងារបោសសំអាត និងអនាម័យ មានចំនួន ៣០៨នាក់។ ក្នុងនោះ ក៏មានមន្ត្រីជាប់កិច្ចសន្យាផងដែរ។ កម្លាំងបោសសំអាតបានពង្រាយធ្វើការបោសសំអាត ចាប់តាំងពីម៉ោង ១២យប់ ថ្ងៃទី ២៧ ខែវិច្ឆិកា និងបញ្ចប់នៅម៉ោង ៧ព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ទើបស្អាតរួចរាល់ ដោយមានកិច្ចសហការល្អ ជាមួយអាជ្ញាធរខណ្ឌដូនពេញ ក្រុមហ៊ុនប្រមូលសំរាម ដែលធ្វើឱ្យការប្រមូលសំរាមបានលឿន។ លោកបន្ថែមថា ជាក់ស្ដែងយេីងសង្កេតឃេីញថា ប្រជាពលរដ្ឋភាគច្រេីនមានការយល់ដឹងខ្ពស់ ចំពោះការទុកដាក់សំរាម សម្រាប់ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ៕ដោយ៖សហការី