ភ្នំពេញ : រយៈពេល ២ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក កន្លងមក បានប្រព្រឹត្តទៅដោយរលូន ជាមួយសុខសុវត្ថិភាព និងភាពសប្បាយរីករាយដល់មហាគ្រួសារខ្មែរ ក៏ដូចជាភ្ញៀវបរទេស ជាពិសេស ចំណុះទូកងរបស់ជនជាតិអាឡឺម៉ង់ មកពីខេត្តកណ្តាល ក៏បានផ្តល់ភាពទាក់ទាញ និងចំណាប់អារម្មណ៍ពីសំណាក់មហាជន ផងដែរ ។ នេះជាប្រសាសន៍ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
សម្តេចធិបតី បន្តថា : កម្ពុជា បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ជាមួយស្នាមញញឹមរបស់ប្រជាជនខ្មែរ សុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារៈ ផ្តល់ជាសេចក្តីសុខផ្នែកផ្លូវចិត្តដល់អ្នកទេសចរណ៍ ក្នុងការធ្វេីដំណេីរ និងទស្សនាកំសាន្តដោយភាពជឿជាក់បំផុត ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា : នាថ្ងៃទីបី នៃព្រះរាជពិធីបុណ្យជាតិដ៏ធំនេះ សូមលោកតាលោកយាយ អ៊ំពូមីង បងប្អូនទាំងអស់ រីករាយទស្សនាកម្រងរូបភាពផ្សេងៗ ប្រកបដោយភាពរីករាយ និងអនុស្សាវរីយ៍ល្អៗជាមួយគ្នា ក្នុងមហាគ្រួសារខ្មែរ ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព ៕
ដោយ : សិលា