ភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់ជាផ្លូវការលើមន្ត្រីយោធាម្នាក់ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ រួចបញ្ជូនទៅចៅក្រមស៊ើបសួរបន្ត។
ជនត្រូវចោទរូបនេះមានឈ្មោះ ហ៊ូ សុធា ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរមន្ត្រីយោធា ស្នាក់នៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សូមជម្រាបថា ប៉ុន្មានថ្ងៃមុននេះមានផ្ទុះការរិះគន់យ៉ាងខ្លាំងលើបណ្តាញសង្គម ពាក់ព័ន្ធមន្ត្រីយោធាម្នាក់ទំនងអាងអំណាច អាងបុណ្យស័ក្តិ ផឹកស្រាស្រវឹងបង្កអំពើហិង្សាទៅលើជនរង់គ្រោះ ព្រមទាំងជេរប្រមាថ គំរាមបាញ់សមត្ថកិច្ចមូលដ្ឋានដែលចុះទៅជួយអន្តរាគមន៍ ។ ក្រោយពីមានរឿងនោះកើតឡើងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាទៅមន្ត្រីនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ ចុះទៅនាំខ្លួនមន្ត្រីយោធារូបនោះដើម្បីធ្វើការសាកសួរពីដំណើររឿងពាក់ព័ន្ធករណីប្រើអំពើហិង្សាវាយសន្តិសុខមួយពិលបណ្តាលឱ្យបែកឈាមលើផ្ទៃមុខរងរបួសធ្ងន់កាលពីវេលាម៉ោង១ រំលងអធ្រាត្រចូលថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្លូវច្រកចូលបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្រោយពីបានសាកសួរដោយរកឃើញថា ជនសង្ស័យពិតជាជាប់ពាក់ព័ន្ធដូចការចោទប្រការនោះ សមត្តកិច្ចក៏បានស្នើសុំគោលការណ៍ពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឃាត់ខ្លួនកសាងសំណុំរឿងបញ្ជនទៅតុលាការ។ អង្គហេតុដែលសមត្តកិច្ចឃាត់ខ្លួនមន្ត្រីយោធានោះត្រូវបានគេដឹងថា នៅវេលាម៉ោងប្រមាណ១ យប់ ឈានចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ជនរងគ្រោះឈ្មោះ អ៊ុម កួក ភេទប្រុស អាយុ៤៧ ឆ្នាំ មុខរបរ ជាសន្តិសុខ កំពុងយាមប្រចាំការនៅច្រកចូលបុរីពិភពថ្មី ត្រពាំងថ្លឹង ជាប់ធនាគារ ABA ស្ថិតក្នុងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ពេលនោះស្រាប់តែមានរថយន្ត១ គ្រឿងម៉ាក TOYOTA TUNDRA ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BF-1127 បើកបរដោយជនស៊ីវិលស្រវឹងជោក ពេលបើកទៅដល់ចំណុចច្រកចូលបុរី ក៏បានបើករថយន្តទៅបុករបង ហើយចូលទៅក្នុងបាត់ ។ ឃើញដូច្នោះជនរងគ្រោះជាសន្តិសុខក៏បានបោះដៃតាមអាយកូមទាក់ទងទៅប្រធានរបស់ខ្លួន ដើម្បីរាយការណ៍ដែលជនរងគ្រោះឈ្មោះ អីម កួក ត្រូវអ្នកបើកបរវាយមួយពិលបណ្តាលឱ្យមានរបួសហូរឈាមលើផ្ទៃមុខ លុះពេលក្រុមសន្តិសុខនិងសមត្តកិច្ចមូលដ្ឋានទៅដល់ មន្ត្រីយោធារូបនោះបានស្រែកគំរាមរកបាញ់ថែមទៀតផង ។
បច្ចុប្បន្នជនត្រូវចោទរូបនេះកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរបន្ត ៕ ដោយរ៉ារ៉ា