ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០១៦នេះ ប្រតិភូកីឡាវាយកូនឃ្លីលើតុមកពីប្រទេសចំនួន៧ក្នុងចំណោម១១ ប្រទេសនៅអាស៊ីអាគ្នេយ៍បានអញ្ជើញមកចូលរួមប្រកួតប្រជែងដណ្តើមយកមេដាយថ្នាក់តំបន់មួយនេះទៅជូនជាតិរបស់ពួកគេរៀងៗខ្លួនចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១២ ខែ កក្កដា ឆ្នាំ២០១៦ នៅអគារប៊ូយ៉ុងក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ។
ការប្រកួតដណ្តើមជើងឯកវាយកូនឃ្លីលើតុយុវជនអាស៊ានអាយុក្រោម១៨ឆ្នាំ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ និងបើកការប្រកួតនានេះរៀបចំដោយសហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជាសហការជាមួយ ក្រសួងអប់រំយុវជននិងកីឡា និងគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជាក្រោមការ ជួយជ្រោមជ្រែងពីសហព័ន្ធកីឡាវាយកូនឃ្លីលើតុអាស៊ី ។
លោកឧកញ៉ា រ័ត្ន សាខន ប្រធានសហព័ន្ធវាយកូនឃ្លីលើតុកម្ពុជាបានប្រាប់ឲ្យ ដឹងនៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ថា ការប្រកួតនេះមានអត្តពលិកចូលរួមសរុប ១២០នាក់មកពីប្រទេសចំនួន៧ក្នុងតំបន់អាស៊ានរួមមានម្ចាស់ផ្ទះកម្ពុជា ថៃ ឡាវ វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី ខណៈប្រទេសមីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ប្រ៊ុយ ណេ និងទីម័រខាងកើតអវត្តមានមិនបាន ចូលរួមឡើយ ។ លោកបានបន្តថា សម្រាប់ វិញ្ញាសាដែលត្រូវដាក់ឲ្យកីឡាករ កីឡាការិនីប្រកួតមានចំនួន៣វិញ្ញាសាគឺវាយឯកត្ត ជនបុរស-នារី, វាយគូបុរស-នារី និងវាយគូ ចម្រុះ ។
ចំណែកលោក ចាន់ ហ្វូងគឹង ជនជាតិ ម៉ាឡេស៊ីជាអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុអាស៊ានបានឲ្យដឹងថា សម្រាប់ព្រឹត្តិការណ៍ប្រកួតជើងឯកកីឡា វាយកូនឃ្លីលើតុអាស៊ីអាគ្នេយ៍លើកទី២នៅកម្ពុនាពេលនេះមានប្រទេសក្នុងតំបន់អាស៊ានចូលរួមចំនួន៧ ហើយកម្មវិធីនេះ លោកគិតថាវានឹងទទួលបានជោគជ័យ ព្រមទាំងទទួលបានបទពិសោធន៍ច្រើន អាចជំរុញឲ្យកីឡាករកម្ពុជាមានសមត្ថភាពឆ្ពោះទៅកាន់កីឡាស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ ។
លោកបញ្ជាក់បន្ថែមថា ចំពោះបទ ពិសោធន៍ក្នុងវិស័យកីឡាវាយកូនឃ្លីលើតុរបស់កម្ពុជាបើប្រៀបធៀបទៅនឹងប្រទេសក្នុងតំបន់គឺកម្ពុជាមានបទពិសោធន៍វ័យ ក្មេងខ្ចីជាងគេ ។ ដូច្នេះតម្រូវឲ្យកម្ពុជារៀបចំព្រឹត្តិការណ៍អន្តរជាតិឲ្យបានច្រើនដើម្បីកសាងសមត្ថភាពធនធានមនុស្ស និង កីឡាករកីឡាការិនីឲ្យកាន់តែច្រើនបន្ថែមទៀត ។
សូមបញ្ជាក់ថា ការប្រកួតកីឡាវាយកូនឃ្លីលើតុដណ្តើមជើងឯកអាស៊ីអាគ្នេយ៍យុវជនអាយុក្រោម១៨ឆ្នាំចាប់ផ្តើមការប្រកួតនៅថ្ងៃទី៩ ខែកក្កដា ហើយបញ្ចប់ទៅវិញ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ដែល មានអត្តពលិកចូលរួមសរុប១២០នាក់ មកពី៧ប្រទេសក្នុងតំបន់អាស៊ាន ។
គួររំលឹកថា ព្រឹត្តិការណ៍នេះកម្ពុជាធ្លាប់ធ្វើជាម្ចាស់ផ្ទះម្តងកាលពីឆ្នាំ២០១១ ៕
ដោយ៖ សារីម