ភ្នំពេញ ៖ ការប្រកួតកីឡាប្រដាល់ ដណ្ដើមពានរង្វាន់ជើងឯក TV5 Boxing Knock Out ទម្ងន់៥៤គីឡូក្រាមលើសង្វៀន TIFFY Arena នាល្ងាចថ្ងៃអាទិត្យទី១០ ខែ កក្កដា ឆ្នាំ២០១៦ ជាការប្រកួតសប្តាហ៍ទី២ វគ្គជម្រុះដំណាក់កាលទី១មានកីឡាករ៤នាក់ចូលរួមប្រកួតដើម្បីប្រជែងយកកៅអីដំណាក់កាលទី២នោះគឺជាការជួបគ្នារវាងកីឡាករ ស្រៀង ទិតធិ មកពីក្លិបសម្បត្តិគុន ខ្មែរប៉ះជាមួយកីឡាករ នួន សុជាតិ អ្នក ប្រដាល់ក្លិបកុលបុត្រគុនខ្មែរ ខណៈដែល កីឡាករ ផាត សូដា អ្នកប្រដាល់ក្លិបអេភូថង កីឡា និងម៉ៅ រិទ្ធី អ្នកប្រដាល់ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង៤នាក់ប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។
ចំពោះអ្នកប្រដាល់ ស្រៀង ទិតធិ និង នួន សុជាតិ នេះ ពួកគេមិនធ្លាប់ជួបគ្នាទេពីព្រោះអ្នកទាំង២នាក់កីឡាករវ័យក្មេង។ ទោះបីយ៉ាងណានួន សុជាតិ មានលក្ខណ សម្បត្តិសមសួនជាង ស្រៀង ទិតធិ ។ ទិតធិ គេមានប្រៀបឈ្នះលើ សុជាតិ ទាំងកាយ សម្បទាកម្លាំង ព្រមទាំងមានស្នៀតប្រកួត ល្អ ប៉ុន្តែ សុជាតិ មានបច្ចេកទេសវាយចេញ ល្អនិងចេះយករួចខ្លួននៅពេលដៃគូវាយ សន្ធាប់ខ្លាំង ។ ចាំមើលថា តើកីឡាករ ស្រៀង ទិតធិ និងនួន សុជាតិ នរណារកបាន កៅអីដំណាក់កាលទី២?
ដោយឡែកកីឡាករម៉ៅ រិទ្ធី និងកីឡា ករផាត សូដា ពួកគេមានថ្វីដៃមិនអន់ដូចគ្នាប៉ុន្តែម៉ៅ រិទ្ធីក៏មិនអាចធ្វេសប្រហែស ឬមើលស្រាល ផាត សូដាបានដែរ ពីព្រោះ សូដាមានរបៀបវាយចេញខ្លាំង ។ លក្ខណៈ ជារួមពីរនាក់នេះគឺត្រូវមានការប្រយ័ត្ន រៀងៗខ្លួនទើបការប្រកួតអាចឈានដល់ ទឹកទី៣ ។ ទោះបីយ៉ាងណាការប្រកួតរវាងអ្នកប្រដាល់ទាំងពីរនរណាឈ្នះឬក៏ចាញ់សុទ្ធតែវេទនាដូចគ្នា ។ ដូច្នេះចាំមើលថា តើរវាង ផាត សូដា នឹងម៉ៅ រិទ្ធី នរណាអាច រកបានកៅអីដំណាក់កាលទី២ ហើយ នរណាត្រូវដើរចេញពីការប្រកួតនេះ?
គួររំលឹកថា កម្មវិធីប្រកួតកីឡាប្រដាល់ ដណ្ដើមពានរង្វាន់ជើងឯក TV5 Boxing Knock Out ទម្ងន់៥៤គីឡូក្រាមមានអ្នកប្រដាល់មកពីគ្រប់ទិសទី៣២នាក់ចូលរួម ក្នុងនោះបានបែងចែកជា៤ដំណាក់កាលតាមរូបមន្តប្រកួតគឺដំណាក់ទី១ជាការប្រកួតជម្រុះក្នុងចំណោម៣២នាក់ទុកតែ១៦ នាក់ ។ ដំណាក់កាលទី២ជាការជម្រុះក្នុងចំណោម១៦នាក់ទុក៨នាក់ ហើយដំណាក់ កាលទី៣គឺជម្រុះក្នុងចំណោម៨នាក់ទុក៤នាក់ និងដំណាក់កាលទី៤ជាការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនិងផ្ដាច់ព្រ័ត្រស្វែង រកម្ចាស់ជើងឯកTV5 Boxing Knock Out៕
ដោយ៖ សារីម