ព័ត៌មាន AFP នៅថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្សាយថា ឆ្មាំសមុទ្រជប៉ុនបានឱ្យដឹងថា នៅថ្ងៃពុធនេះ យន្តហោះយោធាអាមេរិកមួយគ្រឿងប្រភេទ Osprey ដែលផ្ទុកមនុស្សចំនួន៨នាក់ បានធ្លាក់នៅក្បែរឆ្នេរនៃប្រទេសជប៉ុន។
អ្នកនាំពាក្យឆ្មាំសមុទ្រជប៉ុន បាននិយាយដូច្នេះថា «ពួកយើងទទួលបានព័ត៌មាន នៅវេលាម៉ោង២៖២៧នាទីរសៀលថ្ងៃនេះ (ម៉ោងក្នុងតំបន់) ថា យន្តហោះ Osprey របស់យោធាអាមេរិក១គ្រឿង បានធ្លាក់នៅក្បែរកោះ Yakushima ហើយយើងក៏ត្រូវបានជូនដំណឹងផងដែរថា មានបុគ្គលិកយោធារបស់យន្តហោះផ្ទាល់ចំនួន៨នាក់ ដែលជិះនៅលើនោះ»។
កោះ Yakushima ស្ថិតនៅភាគខាងត្បូង កោះធំ Kyushu ដែលនៅភាគខាងត្បូងបំផុតនៃប្រទេសជប៉ុន។ យោងតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន អ្នកស្រុករស់នៅក្នុងតំបន់ បានរាយការណ៍ថា យន្តហោះយោធាអាមេរិកខាងលើ មានផ្សែងហុយចេញពីម៉ាស៉ីនខាងឆ្វេង នៅពេលដែលវាធ្លាក់ចូលទៅក្នុងសមុទ្រ។ ដោយឡែក អ្នកនាំពាក្យនៃកងកម្លាំងយោធាអាមេរិកប្រចាំប្រទេសជប៉ុន មិនទាន់បានឆ្លើយតបចំពោះសំណើសុំផ្តល់ការអត្ថាធិប្បាយទេ។
ហេតុការណ៍ខាងលើនេះកើតឡើង បន្ទាប់ពីយន្តហោះយោធា Osprey ១គ្រឿងទៀត បានធ្លាក់នៅភាគខាងជើងអូស្រ្តាលី កាលពីខែសីហាកន្លងទៅ និងបានផ្តាច់ជីវិតកងម៉ារីនអាមេរិក៣នាក់ ក្នុងចំណោម២៣នាក់ ដែលជិះនៅលើនោះ អំលុងការធ្វើសមយុទ្ធ៕
រូបថត: Getty