រដ្ឋមន្ត្រីក្រសួងព័ត៌មាន​៖​ កម្ពុជា-បារាំង នឹងធ្វើការងារបន្ថែមទៀតដើម្បីពង្រឹងលើគុណភាពសារព័ត៌មាននៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងព័ត៌មាន និងស្ថានទូតបារាំងប្រចាំនៅកម្ពុជា បានពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មានជាភាសាបារាំង ដើម្បីលើកស្ទួយការប្រើប្រាស់ភាសាបារាំងនៅកម្ពុជា ។ កិច្ចសហការគ្នានេះបានធ្វើឡើងក្នុងជំនួបពិភាក្សាគ្នារវាង លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក M. Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន ។

    លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងពី កិច្ចការងារមួយចំនួនដែលក្រសួងព័ត៌មាន បានកំពុងធ្វើ ទីមួយ ទាក់ទងនឹងកំណែទម្រង់លើការងាររបស់ក្រសួង ដើម្បីពង្រឹងប្រសិទ្ធភាពនិងគុណភាពការងារ ទីពីរ ការកែសម្រួលនូវច្បាប់មួយចំនួនដើម្បីបម្រើឲ្យការវិវឌ្ឍនៃសង្គមឲ្យបានល្អ ទីបី គឺការពង្រឹងគុណភាពសារព័ត៌មាន តាមរយៈការបណ្តុះបណ្តាល ហើយពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់ស្ថានទូតបារាំង ជួយគាំទ្រទៅលើការបណ្ដុះ បណ្ដាល ព្រោះប្រទេសបារាំង គឺមានអ្នកជំនាញ សារព័ត៌មាន និងមានបទពិសោធច្រើនទាក់ទងជាមួយនឹងបញ្ហានេះ ដើម្បីអោយកម្ពុជាអាចធ្វើការដកបទពិសោធបន្ថែមទៀតទៅលើកិច្ចការងារព័ត៌មាន ។

  ជាការឆ្លើយតបគឺ លោក M. Jacques Pellet ឯកអគ្គរដ្ឋទូតបារាំង បានផ្តល់នូវការគាំទ្រលើការបណ្តុះបណ្តាល ដោយសហការជាមួយនឹងដៃគូសម្រាប់អ្នកសារព័ត៌មានកម្ពុជា ។

   ក្នុងជំនួបពិភាក្សានេះដែរ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានពិភាក្សាគ្នាផងដែរ ពាក់ព័ន្ធជាមួយនឹងការដែលកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះសម្រាប់ កិច្ចប្រជុំកំពូលអង្គការអន្តរជាតិ នៃប្រទេសនិយាយភាសាបារាំង នៅឆ្នាំ២០២៦ ហើយប្រទេសកម្ពុជាក៏កំពុងតែធ្វើកិច្ចការងារដើម្បីស្វែងរកការគាំទ្រពីបណ្ដាប្រទេសផ្សេងៗទៀតនៅក្នុងនាមជាប្រទេសម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល។

  ពាក់ព័ន្ធជាមួយនឹងកិច្ចប្រជុំនេះដែរ លោករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីផែនការមួយចំនួននៅ ក្នុងការចូលរួមផ្សព្វផ្សាយព័ត៌មាន និងការប្រើប្រាស់នូវប្រព័ន្ធផ្សព្វផ្សាយ ដើម្បីផ្សព្វផ្សាយអំពី ប្រទេសកម្ពុជា និងការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជាទៅកាន់បណ្ដាប្រទេសដែលជាសមាជិកនៃប្រទេសនិយាយបារាំង ដោយត្រូវការជំរុញបន្ថែមលើកទឹកចិត្តឲ្យមានការប្រើប្រាស់ភាសាបារាំង តាមរយៈការផ្សព្វផ្សាយព័ត៌មាន ដើម្បីឲ្យបងប្អូនប្រជាជន ជាជនជាតិបារាំងនៅកម្ពុជា ក៏ទទួលបានព័ត៌មានអំពីកម្ពុជា ជាភាសាបារាំង និងឲ្យអ្នករៀនសូត្រភាសាបារាំង អាចអានព័ត៌មានអំពីកម្ពុជាជាភាសាបារាំងបាន។

    តមកនៅព្រឹកថ្ងៃដដែលនេះ លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានអញ្ជើញ លោកឯកអគ្គរដ្ឋទូតបារាំង ទៅទស្សនកិច្ចស្វែងយល់ពីកិច្ចការងាររបស់កម្មវិធីរបស់ទូរទស្សន៍ជាតិកម្ពុជា កម្មវិធីផ្សាយជាភាសាបារាំង និង ទស្សនាកន្លែងបណ្ណាសាររូបភាព នៅអគ្គនាយកដ្ឋានទីភ្នាក់ការងារសារព័ត៌មានកម្ពុជា AKP 

   បច្ចុប្បន្ននេះក្រសួងព័ត៌មាន គឺមានប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ រួមមានវិទ្យុជាតិកម្ពុជា ទូរទស្សន៍ជាតិ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP បានធ្វើការផ្សព្វផ្សាយព័ត៌មានជាភាសាបារាំង ភាសាអង់គ្លេស ភាសាវៀតណាម ភាសាចិន និងភាសាអារ៉ាប់ ក្នុងទិសដៅដើម្បីផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់ពិភពលោក តាមរយៈការប្រើប្រាស់ភាសាផ្សេងៗ ។

   វិទ្យុជាតិកម្ពុជា មានកម្មវិធីផ្សាយជាភាសាបារាំង ទូរទស្សន៍ជាតិកម្ពុជា មានកម្មវិធីជាភាសាបារាំងហើយ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ក៏មានវេបសាយ ដែលមានការប្រើប្រាស់ភាសាបារាំង ផងដែរ ។

   លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែង អំណរគុណចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត និងប្រទេសបារាំង ដែលបានជួយដល់កម្ពុជា ហើយក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាននេះ គឺភាគីទាំងពីរ កម្ពុជា បារាំង នឹងធ្វើការងារបន្ថែមទៀតដើម្បីពង្រឹងលើគុណភាពសារព័ត៌មាននៅកម្ពុជា៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print