ភ្នំពេញ÷រាជរដ្ឋាភិបាលកម្ពុជាបានបោះបង់ចោលគម្រោងសាងសង់រោងចក្រថាមពលអគ្គិសនីដើរដោយថាមពលធ្យូងតម្លៃ ១,៥ ពាន់លានដុល្លារ ដែលមានអនុភាព ៧០០ មេហ្គាវ៉ាត់ នៅឆ្នេរភាគនិរតី ហើយនឹងសាងសង់រោងចក្រថាមពលដើរដោយឧស្ម័នធម្មជាតិ ៨០០ មេហ្គាវ៉ាត់ ជំនួសវិញ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌ មាន Reuters នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
ក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលលោកកែវ រតនៈ និយាយថា ជាផ្នែកមួយនៃគម្រោងនេះ កម្ពុជាកំពុងស្វែងរកការសាងសង់ស្ថានីយឧស្ម័នធម្មជាតិ LNG។
ស្ថានីយ LNG ដែលត្រូវបានគ្រោងទុក ទំនងជាកន្លែងដាក់នៅលើដី នឹងក្លាយជាទីផ្សាដំបូងរបស់កម្ពុជា ហើយនឹងធ្វើឱ្យវាក្លាយជាទីផ្សារនាំចូលថ្មីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសវៀតណាម និងហ្វីលីពីនបាននាំចេញដំបូងគេក្នុងឆ្នាំនេះ។
លោក កែវ រតនៈបានឱ្យដឹងទៀតថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹងប្រកាសនៅថ្ងៃទី ៣០ ខែ វិច្ឆិកា អំពីការលុបចោលគម្រោងរោងចក្រថាមពលធ្យូង ថ្ម ៧០០ មេហ្គាវ៉ាត់ នៅខេត្តកោះកុង និងផែនការជំនួសវាដោយរោងចក្រឧស្ម័នធម្មជាតិ LNG អនុភាព ៨០០ មេហ្គាវ៉ាត់ ដែលនឹងដាក់ឱ្យដំណើរការក្រោយឆ្នាំ ២០៣០។
លោករដ្ឋមន្ត្រី មិនបានបញ្ជាក់ថា តើរោងចក្រផលិតហ្គាស និងស្ថានីយ LNG អាចនឹងមានតម្លៃប៉ុន្មាននោះទេ។
លោករដ្ឋមន្ត្រី បន្តទៀតថា ការសម្រេចចិត្តលុបចោលគម្រោងរោងចក្រថាមពលដើរដោយធ្យូងថ្មដែលគ្រោងនឹងចាប់ផ្តើមផលិតថាមពលនៅចុងឆ្នាំ ២០២៥ គឺឆ្លុះ បញ្ចាំងពីការប្តេជ្ញាចិត្តរបស់ប្រទេសចំពោះថាមពលស្អាតជាងមុន។
ទន្ទឹមនឹងនេះ ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា នៅឆ្នាំ ២០២២ កម្ពុជាប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញចំនួន ៦២% និងមានគោលដៅបង្កើនឲ្យបាន ៧០ ភាគរយ នៅឆ្នាំ២០៣០។
លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានថ្លែងសុន្ទរកថាគន្លឹះជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន សហការរៀបចំដោយស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជាកាលពីថ្ងៃទី២៣ ខែវិច្ឆិកា កន្លងទៅថា ការបង្កើនការផលិតថាមពលស្អាត ការអនុវត្តកម្មវិធីសន្សំថាមពល និងការយកអគ្គិសនីបៃតងទៅជួយកាត់បន្ថយកាបូនក្នុងវិស័យឯទៀតៗ គឺជាយុទ្ធសាស្ត្រនាំកម្ពុជាទៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
លោករដ្ឋមន្ត្រីថ្លែងទៀតថា ៖ «នៅពេលដែលតម្រូវការថាមពលកើនឡើង ប្រទេសកម្ពុជាកំពុងផ្តាស់ប្តូរយ៉ាង សកម្មឆ្ពោះទៅរកអនាគតប្រកបដោយនិរន្តរភាព។ យើងកំពុងសម្របខ្លួនទៅនឹងទិដ្ឋភាពថាមពលដែលកំពុងវិវត្ត ហើយយើងធ្វើដូច្នេះដោយផ្តោតលើទំនួសខុសត្រូវបរិស្ថាន។ ថ្មីៗនេះ ក្រសួងរ៉ែ និងថាមពល បានទទួលបានអាណត្តិ ដើម្បីត្រួតពិនិត្យការផ្លាស់ប្តូរវិស័យថាមពលឆ្ពោះទៅ រកការបំភាយកាបូនសូន្យនៅឆ្នាំ២០៥០។ នេះនឹងផ្តោតលើអត្ថន័យបីយ៉ាងគឺ ទី១ការបង្កើនថាមពលកកើតឡើងវិញ ទី២ ការកែលម្អប្រសិទ្ធភាពថាមពល និងទី៣ ការពង្រីកថាមពលអគ្គិសនី។ គោលការណ៍ទាំងនេះ ត្រូវបានគាំទ្រដោយគោលការណ៍ឈរលើធាតុសំខាន់ៗចំនួនបួន ថាមពលស្អាត តម្លៃសមរម្យ អាចទុកចិត្តបាន និងថាមពលសមធម៌»។
បច្ចុប្បន្ននេះ កម្ពុជាមានស្ថានីយវារីអគ្គិសនីចំនួន ០៨ កំពុងដំណើរការ ដែលមានអានុភាពសរុប ១ ៣២៩ មេហ្កាវ៉ាត់ ហើយមានស្ថានីយថាមពលពន្លឺព្រះអាទិត្យចំនួន ១១កន្លែង មានអានុភាពសរុប ៤២២មេហ្កាវ៉ាត់កំពុងដំណើរការ។នេះបើតាមក្រសួងរ៉ែ និងថាមពល៕