ខេត្តកោះកុង ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា វិស័យអគ្គិសនីជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យមួយចំនួនទៀត ហើយវាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបំពេញតម្រូវការប្រើប្រាស់ថាមពលរបស់ប្រជាពលរដ្ឋនិងការអភិវឌ្ឍជាតិ។ មិនតែប៉ុណ្ណោះ វិស័យនេះនៅតែជារបៀបវារៈដ៏សំខាន់ក្នុងគោលនយោបាយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹង និងបើកការដ្ឋានសាងសង់ «ទំនប់វារីអគ្គីសនីស្ទឹងតាតៃលើ» ដែលមានអនុភាព ១៥០ មេហ្គាវ៉ាត់ នៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង។
ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរអរគុណមិត្តចិនដែលបានជួយចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា។
សម្តេចធិបតីហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការអភិវឌ្ឍវិស័យថាមពលអគ្គីសនី ប្រកបដោយគុណភាព នឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ច តាមរយៈការជំរុញឱ្យវិស័យផ្សេងៗមានការរីកចម្រើនផងដែរ។
នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចនឹងបន្តនូវគោលនយោបាយពីរាជរដ្ឋាភិបាលចាស់ដោយមិនសាងសង់ទំនប់វារីអគ្គិសនីលើផ្ទៃទន្លេមេគង្គនោះទេ។
ការមិនសងសង់នេះគឺដោយគិតទៅលើប្រព័ន្ធអេកូឡូស៊ី និងផលប៉ះពាល់ទៅលើបរិស្ថានទៅលើការសាងសង់ទំនប់នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ៖ ការសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុងនេះ បើគិតតាំងពីការសិក្សារហូតដល់ការកសាងនាពេលនេះ គឺត្រូវប្រើប្រាស់ពេល១៨ឆ្នាំ ជាពិសេសការសិក្សាលើបញ្ចៀសផលប៉ះពាល់នានា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា រាជរដ្ឋភិបាលតាមរយៈអគ្គិសនីកម្ពុជា នឹងជំរុញការតបណ្ដាញប្រព័ន្ធអគ្គិសនីជូនដល់ប្រជាពលរដ្ឋនៅឃុំ តាតៃលើ ឃុំជំនាប ឃុំ ប្រឡាយ ឱ្យបានគ្រប់ខ្នងផ្ទះ ៕