ខេត្តស្ទឹងត្រែង៖ នារដូវធ្លាក់ខ្យល់រំហើយឆ្នាំនេះ ត្រីទឹកសាបទាំងបីប្រភេទនេះរួមមាន៖ ប្រភេទត្រីប៉ាសេអ៊ី ត្រីប៉ាវ៉ាមុខពីរ ត្រីប៉ាវ៉ាមុខមួយ ត្រីទាំងបីប្រភេទនេះ ជាប្រភេទត្រីកម្រ ហើយក៏សម្រាប់អ្នកមានធនធានទើបស្គាល់រសជាតិត្រីប្រភេទនេះ ហើយក៏ជាមុខសញ្ញាគោលដៅ អ្នកនេសាទតាមប្រមាញ់ ព្រោះវាមានតម្លៃខ្ពស់ផងដែរ។
ជាក់ស្ដែងរដូវត្រីបីប្រភេទបានមកដល់ហើយ ដែលចាប់ផ្តើមមានពីដើមខែវិច្ឆិកា ដល់ចុងខែមករា មានតែនៅខេត្តស្ទឹងត្រែងតែឆ្នាំនេះពុំសូវសម្បូរនោះទេ មានតិចតួចលក់នៅលើទីផ្សារភាគច្រើនត្រូវបានគេប្រមូលទិញលក់តាមប្រព័ន្ធអនឡាញដែលមានតម្លៃខ្ពស់កប់ពពក។
បេីតាមការបញ្ជាក់ពីអ្នកនេសាទម្នាក់ លោក ចាន់ តាក់ បាននិយាយរៀបរាប់ថា៖ នៅរដូវធ្លាក់ខ្យល់រំហើយនេះ ជារដូវត្រីទាំងបីប្រភេទ ចេញពីទន្លេមេគង្គលើចុះមកក្រោម ហើយអ្នកនេសាទជាច្រើនតាមប្រមាញ់ព្រោះវាមានទីផ្សារ និងតម្លៃខ្ពស់តែការនេសាទនោះពុំសូវបានទេ មួយថ្ងៃពីរថ្ងៃទើបនេសាទបានមួយឬពីរតែប៉ុណ្ណោះថ្ងៃខ្លះពុំបានសោះក៏មានដែរ បច្ចុប្បន្នត្រីទាំងបីប្រភេទនេះមានការថយចុះជារៀងរាល់ឆ្នាំ។
អ្នកនេសាទរូបនេះ បន្តថា ត្រីទាំងបីប្រភេទនេះបើនេសាទបានត្រីសេប៉ាអ៊ីលក់បានចាប់ពីមួយគីឡូឡើងអាចលក់បានជាង ២០ ម៉ឺនរៀលក្នុង១គីឡូចាប់ពី ២ គីឡូឡើងលក់បាន ជាង៤០ម៉ឺនរៀល ត្រីប៉ាវ៉ាមុខពីរចាប់ពីជាងមួយគីឡូដល់ ២គីឡូតម្លៃ ១៥ម៉ឺនរៀលក្នុងមួយគីឡូនិងប៉ាវ៉ាមុខមួយចាប់ពី ៥ ម៉ឺនទៅ៦ម៉ឺនរៀលក្នុងមួយគីឡូ។
ជាមួយគ្នានេះ អ្នកទទួលទិញត្រីទាំងនេះយកទៅលក់បន្ត តាមប្រព័ន្ធអនឡាញ ក៏បានឱ្យដឹងដែរថា៖ លក់ចេញប្រភេទត្រីប៉ាសេអ៊ីទម្ងន់មួយគីឡូ ២៨ ម៉ឺនរៀលនិងពីគីឡូតម្លៃ៥០ម៉ឺនរៀលក្នុងមួយគីឡូប៉ាវ៉ាមុខពីរធំមានតម្លៃ ១៨ ម៉ឺនរៀលក្នុងមួយគីឡូ និងប៉ាវ៉ាមុខមួយតម្លៃ ៦ ម៉ឺនរៀលក្នុងមួយគីឡូ។
ចំណែកអ្នកលក់ត្រីម្នាក់ទៀត ក៏បានលើកឡើងដែរថា ត្រីប៉ាសុីអ៉ីដែលចាត់ទុកថា ប្រភេទលេខ១ នេះ គឺមានទម្ងន់ចាប់ពី ១គីឡូក្រាមឡើងទៅតម្លៃស្មើជាង ៤០ម៉ឺនរៀល។ ត្រីមានទម្ងន់ ក្រោមមួយ គីឡូក្រាម ៣០ម៉ឺនរៀល។ តម្លៃត្រីប៉ាសុីអ៉ីនៅរដូវទឹកសម្រកនេះ ហាក់ខ្ពស់ជាងរដូវដើមឆ្នាំទឹកឡើង។
ដោយឡែកលោក ស្រី សំវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បានឱ្យដឹងថា៖ ពុំមានតម្លៃជាក់លាក់នោះទេ ត្រីប៉ាស៊ីអ៊ីដែលមានទំហំធំទៅ គាត់លក់ចាប់ពី ២០ម៉ឺនទៅ ឬក៏ ៤០ម៉ឺនទៅ តាមតម្រូវការរបស់អតិថិជន គេទៅទិញឬគេកម្មង់ទិញ បើមានតម្រូវការខ្លាំង ត្រីហ្នឹងវាឡើងថ្លៃដល់ ៤០ម៉ឺនអីចឹងទៅ។ ត្រីនេះតម្លៃ ៣០ម៉ឺន ៤០ម៉ឺនអ្នកដែលមានធនធានតិចតួចមិនហ៊ានទិញទេ អ្នកដែលមានធនធានសម្បូរហូរហៀរទើបហ៊ានទិញ។
លោកនាយខណ្ឌរដ្ឋបាលជលផលរូបនេះ បានបន្ថែមថា ជុំវិញការថយចុះត្រីទាំងបីប្រភេទនេះ គឺមានកត្តាពីរដែលធ្វើឱ្យធនធានមច្ឆាជាតិថយចុះ មួយកត្តាមនុស្ស និងទីពីមកពីកត្តាធម្មជាតិ ឯកតាទីមួយនោះ មកពីអ្នកនេសាទមិនគោរពទៅតាមច្បាប់ជលផល ដោយប្រើឧបករណ៍នេសាទខុសច្បាប់ នៅតាមអន្លង់អភិរក្សត្រីមេពូជសំខាន់ៗ ធ្វើឲ្យត្រីទាំងនេះមានការថយចុះ។
បន្ថែមពីនេះ លោក ស្រី សំវិចិត្រ ក៏បានអំពាវនាវដល់បងប្អូនប្រជាអ្នកនេសាទទាំងអស់ កុំប្រើឧបករណ៍នេសាទល្មើសច្បាប់ និងសូមបងប្អូនអ្នកនេសាទចូលរួមជាមួយមន្ត្រីខណ្ឌរដ្ឋបាលជលផលក្នុងការរក្សាការពារនូវធនធានជលផលដ៏កម្ររបស់យើងក្នុងពេលបច្ចុប្បន្ននេះធ្វើយ៉ាងម៉េចឱ្យវាមានវត្តមានបន្តទៅទៀតទុកសម្រាប់កូនចៅជំនាន់ក្រោយ៕ដោយ៖សហការី