ខេត្តកោះកុង : សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា តាមពិតប្រជាពលរដ្ឋនៅឃុំតាតៃលើ ត្រូវបានភ្លើងប្រើតាំងពី ៨ ឆ្នាំ មុនមកម៉្លេះ ប៉ុន្តែដោយមានសកម្មជនបរិស្ថានមួយចំនួន រួមទាំងបរទេសផង បានចេញមកពន្យល់ពលរដ្ឋនៅតំបន់នោះ កុំឱ្យជឿទុកចិត្តលើរាជរដ្ឋាភិបាល ថាគម្រោងនេះនឹងបង្កផលប៉ះពាល់ផ្សេងៗ ទើបធ្វើឱ្យរាជរដ្ឋាភិបាលត្រូវដកថយមកវិញ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា នេះមិនមែនជាការស្ដីបន្ទោសទេ ការព្រួយបារម្ភរបស់ពលរដ្ឋគឺជាអ្វីដែលរាជរដ្ឋាភិបាលត្រូវគិតគូរ។
សម្ដេចធិបតីបានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «បិទស្ទឹង និងបើកការដ្ឋានសាងសង់ទំនប់វារីអគ្គីសនីស្ទឹងតាតៃលើដែលមានអានុភាព ១៥០ មេហ្កាវ៉ាត់» នៅស្រុកថ្មបាំង ខេត្តកោះកុង នៅព្រឹកថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២៣។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ថា ផលដែលបានមកពីការសាងសង់ទំនប់វារីអគ្គិសនីនេះ គឺនឹងបានទៅលើប្រជាពលរដ្ឋនៅនឹងកន្លែង មិនមែនធ្វើឱ្យតែល្អមើល ឬបានផលតែទៅលើក្រុមហ៊ុនសាងសង់នោះទេ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមថវិកា ១០០លានដុល្លារសម្រាប់ធានាតម្លៃអគ្គិសនីមិនឱ្យឡើងថ្លៃ។
សម្តេចធិបតី បានលើកឡើងថា រដ្ឋត្រៀមខាតថវិកា ១០០លានដុល្លារនេះ ពោលដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋអាចប្រើប្រាស់ភ្លើងក្នុងតម្លៃថោក ខណៈជារៀងរាល់ឆ្នាំតាមបណ្តាប្រទេសគឺសុទ្ធតែដំឡើងថ្លៃអគ្គិសនី ប៉ុន្តែកម្ពុជាសុខចិត្តរក្សាតម្លៃដដែល។
សម្តេចធិបតី អះអាងថា គោលបំណងរបស់រាជរដ្ឋាភិបាលគឺដើម្បីជួយសម្រួលជីវភាពពលរដ្ឋកុំឱ្យមានការលំបាក និងជួយរក្សាលំនឹងការអភិវឌ្ឍ និងស្ថេរភាពសេដ្ឋកិច្ចកម្ពុជាតាមវិស័យផ្សេងៗ។
សម្តេចធិបតីថ្លែងដូច្នេះថា៖«រដ្ឋអត់ចំណេញទេ ក្នុងប៉ុន្មានឆ្នាំនេះរដ្ឋខាត ឆ្នាំនេះយើងគ្រោងខាត ១០០លានដុល្លារសម្រាប់ឧបត្ថម្ភធុន គឺសម្រាប់ទប់ថ្លៃភ្លើងសម្រាប់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ក្នុងតម្លៃទាប»។
សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចបញ្ចុះតម្លៃអគ្គិសនីសម្រាប់វិស័យកសិកម្មរយៈពេល៣ខែកន្លងមក ហើយគ្រោងនឹងបញ្ចុះតម្លៃអគ្គិសនីដល់វិស័យទេសចរណ៍បន្ថែមទៀត។
សម្តេចនាយករដ្ឋមន្ត្រីបានជំរុញឱ្យក្រសួងរ៉ែ និងថាមពលត្រូវតបណ្តោញអគ្គិសនីឱ្យដល់គ្រប់តំបន់ភូមិឃុំស្រុកឱ្យរួចរាល់មុនឆ្នាំ២០៣០។
សម្តេចនាយករដ្ឋមន្ត្រីបានរំលឹកថា កាលពីឆ្នាំ១៩៩៨ កម្ពុជាអាចផ្គត់ផ្គង់អគ្គិសនីដល់ពលរដ្ឋតែ ១៥០មេហ្គាវ៉ាត់ប៉ុណ្ណោះ ខណៈបច្ចុប្បន្នកម្ពុជាមានសមត្ថភាពអាចផ្គត់ផ្គង់អគ្គិសនីនៅទូទាំងប្រទេសបានជាង ៤ ០០០មេហ្គាវ៉ាត់៕