ពលរដ្ឋនៅជុំវិញពិភពលោកបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងពីផលប៉ះពាល់សេដ្ឋកិច្ចដែលអាចកើតមានឡើងនៅលើពិភពលោកជាថ្មីក្នុងពេលដែលសេដ្ឋកិច្ចទើបតែងើបឡើងវិញនោះ បន្ទាបពីអង់គ្លេសបានសម្រេចចាកចេញពីអឺរ៉ុប។
ដើម្បីបញ្ចប់ការព្រួយបារម្ភ អគ្គនាយិកាអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិលោកស្រី គ្រីស្ទីន ឡាហ្កាដ បានថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយ AFP នាថ្ងៃទី៧ ខែកក្កដា ថា ការចាកចេញរបស់ប្រទេសអង់គ្លេសពីសហភាពអឺរ៉ុបនឹងមិនបង្កឲ្យសេដ្ឋកិច្ចពិភពលោកដើរថយក្រោយទេ។ តែទន្ទឹមគ្នានេះ លោកស្រី គ្រីស្ទីន បានអំពាវនាវឲ្យអឺរ៉ុបចាត់ទុកការសម្រេចចិត្តរបស់ប្រជារាស្រ្តអង់គ្លេសជាមេរៀនមួយដើម្បីធ្វើការលម្អអឺរ៉ុបនាពេលអនាគត់។
លោកស្រី ឡាហ្កាដ តែងតែចាប់អារម្មណ៍លើស្ថានការណ៍សេដ្ឋកិច្ចក្នុងលោក ពិសេសនៅក្នុងទ្វីបអឺរ៉ុបដែលលោកស្រីធ្លាប់ធ្វើជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចបារាំង។ ព្រឹត្តិការណ៍ Brexit ក្នុងប្រទេសអង់គ្លេសត្រូវបានលោកស្រីគ្រីស្ទីនយល់ឃើញថា ពិតជាប្រភពហានិភ័យមួយសម្រាប់សេដ្ឋកិច្ចពិភពលោក តែខណៈនេះឥទ្ធិពលរបស់ Brexit នឹងមិនទាញសេដ្ឋកិច្ចពិភពលោកឲ្យដើរថយក្រោយទេ។
យោងតាមលោកស្រី គ្រីស្ទីន ឡាហ្កាដ ប្រទេសដែលបានទទួលឥទ្ធិពលអវិជ្ជមានមុនគេពី Brexit ពេលនេះគឺគ្មាននរណាក្រៅពីប្រទេស និងប្រជារាស្រ្តអង់គ្លេសខ្លួនឯងឡើយ។ អគ្គនាយិកាអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិរូបនេះដដែលបានបញ្ជាក់ថា អ្វីដែលកំពុងបន្តស្រពិចស្រពិល និងមិនច្បាស់លាស់កើតចេញពី Brexit ពេលនេះគឺការដែលអឺរ៉ុប និងអង់គ្លេសនៅមិនទាន់និយាយចុះសម្រុងគ្នាក្នុងកំណត់ពេលដែលអង់គ្លេសត្រូវចាកចេញពីអឺរ៉ុបជាផ្លូវការ។ សម្រាប់លោកស្រី គ្រីស្ទីន ឡាហ្កាដ ដរាបណាភាពមិនច្បាស់លាស់នេះនៅបន្តអូសបន្លាយ ដរាបនោះហានិភ័យនឹងមានកាន់តែធំ។
បើទោះបីជាគ្មានផងប៉ះពាល់តែអឺរ៉ុបកុំមើលស្រាលលើ Brexit និងត្រូវចាត់ទុកការសម្រេចចិត្តរបស់ប្រជារាស្រ្តអង់គ្លេសថា ជាមេរៀនមួយដែលអឺរ៉ុបត្រូវព្យាយាមកុំឲ្យកើតមាននៅលើសមាជិកផ្សេងទៀត។ នៅក្នុងន័យនេះ អគ្គនាយិកាអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានស្នើឲ្យអឺរ៉ុបផ្តើមគិតគូរជាថ្មីពីនយោបាយផ្ទៃក្នុងរបស់ខ្លួនតាមរយៈការធ្វើកំណែទម្រង់លើស្ថាប័នមួយចំនួន៕
ប្រែសម្រួល៖ សាធី