ភ្នំពេញ : សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្តល់អនុសាសន៍ចំណុចសំខាន់ៗ ចំនួន ៩ ដល់ក្រសួងអប់រំយុវជននិងកីឡា ដើម្បីឱ្យដំណើរការឆ្នាំសិក្សា ២០២៣-២០២៤ ទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក ក្នុងនោះ សម្តេចធិបតី សូមលើកឡើងនូវចំណុចមួយចំនួនដូចខាងក្រោម៖
ទី១. ក្រសួងអប់រំ យុវជន និងកីឡាបន្តអនុវត្តកម្មវិធីកំណែទម្រង់វិស័យអប់រំ ដែលបានដាក់ចេញ រួចហើយ ជាពិសេសការរៀបចំយន្តការគាំទ្រ និងយន្តការវាយតម្លៃសាលារៀនគំរូ។
ទី២. គ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវបន្តរៀបចំបរិស្ថានសាលារៀនស្អាត គ្មានសំរាម សាលារៀនបៃតង ឱ្យស័ក្តិសមជាទីកន្លែងសម្រាប់ការអប់រំ និងបណ្តុះបណ្ដាលគំនិតស្អាតស្អំ ឥរិយាបថល្អ និងគ្មាន ការញាំញីផ្លូវចិត្ត និងផ្លូវកាយ។
ទី៣. លោកគ្រូ អ្នកគ្រូទាំងអស់ សូមបន្តដើរតួជាបុគ្គលនាំមុខ ជាឪពុកម្តាយទី២ ជាមគ្គុទ្ទេសក៍ ជាអ្នក ស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ដោយត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ជាប្រចាំទាំងខាងផ្នែកចំណេះដឹង ទាំងវិធីសាស្ត្របង្រៀន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេស។
ទី៤. មាតាបិតា អ្នកអាណាព្យាបាល សូមចូលរួមតាមដានលទ្ធផលសិក្សា អត្តចរិត សីលធម៌ សុជីវធម៌ របស់កូនទាំងនៅក្នុងគ្រួសារ សាលារៀន និងសហគមន៍ ព្រមទាំងជួយបង្រៀនកូនបន្ថែមនៅផ្ទះ ឬបង្កលក្ខណៈឱ្យកូនបានសិក្សាបន្ថែមនៅផ្ទះ ជាពិសេសការចូលរួមអានសៀវភៅជាមួយកូន ជាដើម។ បន្ថែមពីលើនេះ មាតាបិតា អ្នកអាណាព្យាបាលត្រូវផ្គត់ផ្គង់សម្ភារសិក្សា ទិញសៀវភៅ លំហាត់ឱ្យកូន សម្រាប់ហ្វឹកហាត់ទាំងនៅសាលារៀន និងនៅផ្ទះ, ចូលរួមគាំទ្រជាសម្ភារៈ ថវិកា ដល់ដំណើរការ បណ្ណាល័យនៅតាមសាលារៀន, ចូលរួមក្នុងការអភិវឌ្ឍសាលារៀន, និងគាំទ្រដល់គ្រូបង្រៀន តាមគ្រប់ លទ្ធភាព។
ទី៥. ប្អូនៗ ក្មួយៗ សិស្សានុសិស្ស យុវជន យុវនារីទាំងអស់ សូមបន្តខិតខំរៀនសូត្រនិងស្រាវជ្រាវ ឱ្យបានខ្ជាប់ខ្ជួននិងចូលរួមធ្វើ “អំពើល្អ” ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ សង្គម និងប្រទេសជាតិ យើងទាំងមូល។ ជាមួយនេះដែរ សូមប្អូនៗ ក្មួយៗ សិស្សានុសិស្ស ចងចាំជានិច្ចថា បើយើង ស្រឡាញ់ខ្លួន ស្រឡាញ់ឪពុកម្តាយ និងចង់បានអនាគតរុងរឿង គឺត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ។
ទី៦. ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី សហគមន៍ និងអ្នកពាក់ព័ន្ធទាំងអស់ សូមបន្តចូលរួម និងគាំទ្រ ឱ្យកាន់តែសកម្មថែមទៀត ក្នុងការអភិវឌ្ឍសាលារៀន ព្រមទាំងបន្តជួយផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ អំពីកិច្ចការពារកុមារពីអំពើហិង្សា និងពលកម្មកុមារគ្រប់ទម្រង់។
ទី៧. ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិ និងសប្បុរសជននានា សូមបន្តចូលរួម ឱ្យបានកាន់តែសកម្មបន្ថែមទៀត ក្នុងការជួយគាំទ្រដល់វិស័យអប់រំ ជាពិសេសការលើកកម្ពស់ អភិបាលកិច្ចសាលារៀន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ទី៨. គ្រប់ស្ថានីយ៍វិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ សូមបន្តជួយផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ អំពីយុទ្ធនាការនៃការប្រមូលកុមារចូលរៀន និងសារៈសំខាន់នៃការអប់រំ ជាពិសេស ការផលិតកម្មវិធីអប់រំ និងវីដេអូបង្រៀន ដើម្បីឱ្យសេវាអប់រំកាន់តែគ្របដណ្តប់គ្រប់ទីកន្លែង គ្រប់ពេលវេលា និងស្របទៅនឹងទស្សនាទាននៃការអប់រំពេញមួយជីវិត។
ទី៩. សូមមាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប នាំកូននាំចៅមកចុះឈ្មោះចូលរៀន និងបន្តផ្តល់ការគាំទ្រ ការលើកទឹកចិត្ត និងការជួយបង្រៀនបន្ថែមតាមគ្រប់រូបភាព នៅឆ្នាំសិក្សាថ្មី ២០២៣-២០២៤ នេះ ទាំងអស់គ្នា ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងបែបនេះ តាមរយៈ សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា ២០២៣-២០២៤៕
ដោយ : សិលា