សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ច នៅសាធារណរដ្ឋសង្គមនិយមវៀតណាម

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៣០​ ខែវិច្ឆិកា​ ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់  លោក វឿង ឌិញហ្វេ (VUONG Dinh Hue) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាប្រពៃណីនិងជាបងប្អូនរវាងប្រទេសកម្ពុជា និងវៀតណាម ដែលមានស្រាប់ឱ្យកាន់តែរឹងមាំ យូរអង្វែង គ្រប់ជ្រុងជ្រោយ ទាំងស្ថាប័ននីតិប្បញ្ញត្តិ​ និងនីតិប្រតិបត្តិ។

ក្នុងក្របខ័ណ្ឌសភា រដ្ឋសភាប្រទេសទាំងពីរកម្ពុជា-វៀតណាម មានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយគ្នានៅគ្រប់កម្រិត​ និងតែងតែផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងគ្នាទៅវិញទៅមក ទាំងកម្រិតថ្នាក់ដឹកនាំ គណៈកម្មការជំនាញ ក្រុមមិត្តភាព និងថ្នាក់បច្ចេកទេសអគ្គលេខាធិការដ្ឋានជាដើម។ ក្នុងវិស័យការទូតសភា រដ្ឋសភាកម្ពុជានិងវៀតណាម បានគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរសភាជាច្រើនទៀតមានដូចជា AIPA, IPU, APPF, និង APF ជាដើម។

នៅក្នុងដំណើរទស្សនកិច្ចនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី គ្រោងនឹងអញ្ជើញជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំសំខាន់ៗរួមមាន ការជួបសម្តែងការគួរសមជាមួយ លោក ង្វៀន ភូជុង (NGUYEN Phu Trong) អគ្គលេខាធិការបក្សវៀតណាម លោក វូ វ៉ាន់ធួង (VO Van Thuong) ប្រធានរដ្ឋវៀតណាម និង ជួបពិភាក្សាការងារទ្វេភាគីជាមួយ  លោក វឿង ឌិញហ្វេ (VUONG Dinh Hue) ប្រធានរដ្ឋសភា​វៀតណាម។  អំឡុងពេលនៃការបំពេញទស្សនកិច្ចនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី គ្រោងនឹងអញ្ជើញទៅទស្សនា ព្រះវិហារ តាម ជុក (Tam Chuc) ក្នុងខេត្តហាណាម ដែលជាវត្តមួយមានអាយុកាលចំណាស់ និង

ល្បីល្បាញសម្រាប់អ្នកកាន់ពុទ្ធសាសនា។ ដំណើរទៅកាន់ខេត្តហាណាមនេះ សម្តេចនឹងទទួលជួបពិភាក្សាការងារជាមួយលេខាបក្សខេត្តហាណាម ក្នុងគោលបំណងតភ្ជាប់សេដ្ឋកិច្ច វប្បធម៌ ប្រជាជននិងប្រជាជន។ ជាមួយគ្នានេះដែរសមាជិកគណៈប្រតិភូក៏គ្រោងនឹងជួបពិភាក្សាការងារជាមួយភាគីវៀតណាម មួយចំនួនទៀតផងដែរ៕

ដោយ ៖ សហការី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print