ភ្នំពេញ៖ ក្រុមជនជាតិបង់ក្លាដេសចំនួន ១២នាក់ និងស្រ្តីជនជាតិខ្មែរម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វា ចុះស្រាវជ្រាវនិងឃាត់ខ្លួនពាក់ព័ន្ធករណីចាប់បង្ខាំងជនជាតិចិន ០២នាក់។ ក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចក៏បានបាញ់ការពារខ្លួនជាច្រើនគ្រាប់ បន្ទាប់ពីចូលទៅឡោមព័ទ្ធផ្ទះវីឡាមួយកន្លែងនៅមូលដ្ឋានខណ្ឌជ្រោយចង្វា។
ក្នុងប្រតិបត្តិការចុះបង្ក្រាបខាងលើនេះដែរ ធ្វើឡើងម៉ោង ១២រំលងអធ្រាត្រឈានចូលថ្ងៃទី ០១ខែធ្នូឆ្នាំ ២០២៣ ស្ថិតនៅចំណុច ផ្ទះលេខ ១៣១G ផ្លូវ កែវចិន្ដា ក្រុម៨ ភូមិ៣ សង្កាត់ជ្រោយសង្វារ ខណ្ឌជ្រោយសង្វារ រាជធានីភ្នំពេញ ។ប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចអាវុធហត្ថ បានឲ្យដឹងថា ក្នុងករណីប្រតិបត្តិការចុះបង្រ្កាបខាងលើនេះ ដោយបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ថាមានជនបរទេសមួយក្រុមមានប្រុសនិងស្រី បានចាប់បង្ខាំមនុស្សនៅខាងក្នុងផ្ទះវីឡាមួយ តាមបណ្តាយផ្លូវកែវចិន្តា ជាប់និងអាគារខ្ពស់មួយកន្លែង។
ក្រោយពីសមត្ថកិច្ចបានទទួលបណ្តឹងពីជនរងគ្រោះរួច លុះមកដល់ម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃទី០១ខែធ្នូ សមត្ថកិច្ចរួមទាំងអាវុធហត្ថខណ្ឌជ្រោយចង្វាបានសហការជាមួយនិងខាងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះមកឡោមព័ទ្ធនៅទីតាំងផ្ទះវីឡាមួយនោះ និងបានផ្ទុះអាវុធជាច្រើនគ្រាប់ បង្ក្រាបជាក់ស្តែងឃាត់ខ្លួនបានជនសង្ស័យចំនួន ១៣នាក់ ក្នុងនោះជនជាតិបង់ក្លាដេស ១២នាក់ប្រុស និងស្ត្រីជនជាតិខ្មែរម្នាក់ ព្រមទាំងបានរំដោះជនរងគ្រោះចំនួន ០២នាក់ ប្រុសជាជនជាតិចិន។ បច្ចុប្បន្ន ជនសង្ស័យទាំង ១៣នាក់និងជនរងគ្រោះចំនួន ០២នាក់ បាននាំខ្លួនទៅកាន់កងរាជអាវុធហត្ថខណ្ឌ ជ្រោយចង្វាដើម្បីសាកសួរបន្ត ។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំងអស់ ត្រូវបានបញ្ជូនទៅអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីឃុំខ្លួនជាបណ្ដោះអាសន្ន និងសាកសួរបន្ត ដើម្បីចាត់ការទៅតាមនីតិវិធី៕ ដោយ៖ជ្រោយពេជ្រ