ភ្នំពេញ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានកត់សម្គាល់ថា នយោបាយអភិវឌ្ឍប្រទេសដែលផ្សារភ្ជាប់ជាមួយនឹងការគិតគូរខ្ពស់ដល់បរិស្ថានដែលសម្តេចធិបតី នាយករដ្ឋមន្ត្រីបានប្រកាសនៅថ្ងៃនេះ ឆ្លុះបញ្ចាំងពីឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលក្នុងការប្តេជ្ញាចិត្តអភិវឌ្ឍប្រទេសដោយចីរភាពតាមរយៈការយកចិត្តទុកដាក់ដល់ផលប៉ះពាល់លើបរិស្ថាន។
លោក ប៉ែន បូណា បានគូសរម្លឹកថា ពីខេត្តកោះកុងនៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសបញ្ជាក់ជំហរច្បាស់លាស់ថា ការអភិវឌ្ឍប្រទេសត្រូវគិតគូរលើកត្តាសំខាន់ចំនួន ៣ជាចាំបាច់៖
ទី១៖ ការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្នុងសហគមន៍ដែលទទួលបានផលពីការអភិវឌ្ឍមុនគេ។
ទី២៖ យកចិត្តទុកដាក់ខ្ពស់លើផលប៉ះពាល់ជាពិសេសផលប៉ះពាល់លើបរិស្ថាន មនុស្ស និងសត្វ។
ទី៣៖ ចូលរួមចំណែកជាមួយពិភពលោកក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។
ដើម្បីបញ្ជាក់ពីឆន្ទៈដ៏មោះមុតនេះ សម្តេចធិបតីក៏បានប្រកាសជាសាធារណៈបញ្ឈប់គម្រោងអភិវឌ្ឍរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្មដែលមានអានុភាព ៧០០ មេហ្គាវ៉ាត់ នៅស្រុកបុទុមសាគរ ខេត្តកោះកុងដោយបង្វែរទៅជាគម្រោងផលិតអគ្គិសនីដុតឧស្ម័ន LNG ជាជំនួសវិញ។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជាមិនធ្វើវារីអគ្គិសនីនៅតាមដងទន្លេមេគង្គនោះទេដើម្បីបញ្ចៀសផលប៉ះពាល់ផ្នែកបរិស្ថាន និងអេកូឡូស៊ីតាមដងទន្លេ។
លោកអ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់បន្ថែមថា៖ ថ្វីដ្បិតតែអគ្គិសនីគឺជាសេចក្តីត្រូវការចាំបាច់សម្រាប់កម្ពុជាក្នុងការអភិវឌ្ឍប្រទេស ក៏ប៉ុន្តែ រាជរដ្ឋាភិបាលសុខចិត្តជ្រើសរើសយកប្រភពអគ្គិសនីដែលមិនប៉ះពាល់ដល់បរិស្ថាន។
លោកអ្នកនាំពាក្យ បន្ដថា នេះគឺជាការសម្រេចចិត្តជាគំរូមួយដែលកម្ពុជា បានបង្ហាញទៅកាន់ពិភពលោកស្តីពីការអភិវឌ្ឍដោយចីរភាពដែលគិតគូរខ្ពស់ដល់បរិស្ថាននិងផលប៉ះពាល់នានា។ ដូច្នេះ គេពិតជាអាចនិយាយបានថា កម្ពុជាជាប្រទេសតូចតែមេដឹកនាំខ្មែរពិតជាមានឆន្ទៈខ្ពស់ក្នុងការអភិវឌ្ឍប្រទេសដោយគិតគូរដល់ផលប្រយោជន៍ប្រជាពលរដ្ឋដោយផ្សារភ្ជាប់នឹងការគិតគូរដល់បរិស្ថាន៕ដោយ៖សហការី