ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣នេះថា៖ សិក្ខាកាមបរទេសចម្រុះជាតិសាសន៍ដែលមានជំនាញលើវិស័យប្រព័ន្ធទឹកស្អាត និងទឹកកខ្វក់ កាលពីម្សិលមិញនេះបានចុះទស្សនកិច្ចស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ បឹងជើងឯក ដឹកនាំដោយលោកស្រី Magana Caceres Maria ជានាយិការទទួលបន្ទុកលើការអប់រំផ្សព្វផ្សាយនៃវិទ្យាស្ថាន AgroParisTech របស់ប្រទេសបារាំង ដែលជាដៃគូរអភិវឌ្ឍរួមគ្នាផ្តោតលើការបណ្តុះបណ្តាលមូលធនមនុស្សរយៈពេលវែងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន។
ទស្សនកិច្ចនេះមានការសម្របសម្រួលពីក្រសួង មន្ទីរសាធារណការ និងដឹកជញ្ចូនរាជធានីភ្នំពេញ និងកិច្ចសហការពីថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ក្នុងគោលបំណងស្វែងយល់ពីទិដ្ឋភាពទូទៅនៃស្ថានីយប្រព្រឹត្តកម្ម ដំណាក់កាលមួយៗនៃការធ្វើប្រព្រឹត្តកម្ម និងការគ្រប់គ្រងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់។
សូមបញ្ជាក់ថា៖ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន មានសមត្ថភាពអាចច្រោះទឹកកខ្វក់បានចំនួន ៥០០០ម៉ែត្រគូបក្នុង១ថ្ងៃ ប្រើប្រាស់បច្ចេកវិទ្យាច្រោះសម្អាតប្រភេទ Pre-Trickling Filter, PTF និងបានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងលោក មីកាមិ ម៉ាសាហ៊ីរុ អតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា៕