ភ្នំពេញ : គណបក្សនយោបាយ សហភាពសហព័ន្ធសហជីព សមាគម អង្គការសង្គមស៊ីវិល និងអង្គភាពសារព័ត៌មានជាច្រើន បានប្រតិកម្មចំពោះការបង្ហោះផ្សាយរបស់ ទណ្ឌិត សម រង្ស៊ី ដែលបានចោទប្រកាន់ថារាជរដ្ឋាភិបាលកម្ពុជា រៀបចំរូបភាពក្លែងក្លាយបោកប្រាស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងទិដ្ឋភាពព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំ២០២៣ ដែលទើបតែបញ្ចប់ទៅដោយជោគជ័យនាពេលថ្មីៗនេះ។
គណបក្សនយោបាយ សហភាពសហព័ន្ធសហជីព សមាគម អង្គការសង្គមស៊ីវិល និងអង្គភាពសារព័ត៌ ទាំងនោះ បានចេញញ្ញត្តិថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទណ្ឌិត សម រង្ស៊ី ដែលបានបន្តផ្សព្វផ្សាយបំភ្លៃ និងញុះញង់តាមបណ្ដាញសង្គម ចំពោះការបង្ហោះសារភ្ជាប់ទៅនឹងរូបភាព កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ ថាការរៀបចំពិធីបុណ្យអុំទូក ជាការរៀបចំផលិតរូបថតក្លែងក្លាយ ដែលមានចេតនាប៉ះពាល់ដល់មុខមាត់រាជរដ្ឋាភិបាល និងប៉ះពាល់ដល់ប្រជាជាតិខ្មែរទាំងមូល ដែលកំពុងរស់នៅយ៉ាងសប្បាយរីករាយនៅក្រោមម្លប់នៃសុខសន្តិភាព។
នៅក្នុងញត្តិថ្កោលទោស បានលើកឡើងថា ភាពជោគជ័យនៃព្រះរាជពិធីបុណ្យប្រពៃណីជាតិដ៏ធំនៅក្នុងឆ្នាំ២០២៣ ជាពិសេសគឺព្រះរាជពិធីបុណ្យអុំទូក គឺជាភ័ស្តុតាងដែលបង្ហាញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាអ្នកធានានូវសុខសន្តិភាព ស្ថិរភាពសង្គម នយោបាយ និងសេដ្ឋកិច្ច ដែលកសាងឡើងដោយសម្តេចតេជោ ហ៊ុន សែន យ៉ាងពិតប្រាកដ។ សុខសន្តិភាព និងស្ថិរភាពសង្គមនេះហើយ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការកម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋខ្មែរក៏ដូចជាភ្ញៀវទេសចរបរទេស។
ក្នុងខ្លឹមសារនៃញត្តិថ្កោលទោសរបស់ បណ្តាគណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងសមាគមនានា បានអំពាវនាវឱ្យរួមសហការគ្នាដើម្បីទប់ស្កាត់ និងកម្ចាត់ចោលនូវនយោបាយជ្រុលនិយមរបស់ទណ្ឌិត សម រង្ស៊ី ចេញឱ្យផុតពីព្រះរាជាណាចក្រកម្ពុជា និងធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច ដែលដេកចាំស៊ីប្រាក់ខែបរទេស ធ្វើសកម្មភាពនយោបាយទុច្ចរិតញុះញង់លាបពណ៌ឱ្យខ្មែរ បែកបាក់សាមគ្គីផ្ទៃក្នុងជាតិ បម្រើនយោបាយឱ្យបរទេសក្នុងគោលដៅដណ្តើមអំណាចតាមរូបភាពខុសច្បាប់ដែលត្រូវតែផ្តន្ទាទោសដោយគ្មានការលើកលែងឡើយ៕