កីឡាករជម្រើសជាតិទោចក្រយានកម្ពុជា​ចំនួន៣ក្រុមត្រៀមប្រកួត មិត្តភាពអន្តរជាតិ នៅប្រទេសឡាវ

ចែករំលែក៖

​ភ្នំពេញ ៖​ កីឡាករទោចក្រយានកម្ពុជាចំនួន៣ក្រុមស្មើនឹង១៥នាក់នឹងត្រូវចូលរួមប្រកួតកីឡាប្រណាំងទោចក្រយានមិត្តភាពអន្តរជាតិ កម្ពុជា វៀតណាម ឡាវ ចាប់ពីថ្ងៃទី០៣-០៧ ខែធ្នូ ឆ្នាំ២០២៣ ទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ។​ នេះបើតាមការបញ្ជាក់របស់លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាទោចក្រយានកម្ពុជា នៅក្នុសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣នេះ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

​ លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាទោចក្រយានកម្ពុជា​ បញ្ជាក់ជូនថា តបតាមការអញ្ជើញសហព័ន្ធកីឡាទោចក្រយានឡាវ សហព័ន្ធកីឡាទោចក្រយានកម្ពុជាបានត្រៀមលក្ខណៈចូលរួមប្រណាំងកង់ជាលក្ខណៈមិត្តភាពកម្ពុជា-ឡាវ-វៀតណាម ដើម្បីអបអរសាទរ ក្នុងឱកាសដែលប្រទេសឡាវធ្វើជាម្ចាស់ផ្ទះលើកទី១ រៀបចំកិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម ឆ្នាំ២០២៣។ ជាមួយការទៅចូលរួមការប្រកួតនេះ សហព័ន្ធបានប្រមូលផ្តុំក្រុមកីឡាករជម្រើសជាតិ និងកីឡាករកម្រិតខ្ពស់មកហ្វឹកហាត់ចាប់ពីដើមខែវិច្ឆិកា មានចំនួន១៥នាក់ ដើម្បីទៅចូលការប្រកួតនេះ។
​ អគ្គលេខាធិការរូបនេះបន្ថែមថា ប្រតិភូកីឡាទោចក្រយានកម្ពុជាមានចំនួន២៥រូបនឹងចូលរួមការប្រកួតចាប់ពីថ្ងៃទី០៣ ដល់ទី០៧ ខែធ្នូ ឆ្នាំ២០២៣ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។ ក្រៅពីគោលបំណងចម្បងនៃការចូលរួមរិតចំណងមិត្តភាព សាមគ្គីភាព ផ្លាស់ប្តូរបទពិសោធន៍ ជាមួយកីឡាករអន្តរជាតិ សហព័ន្ធក៏ចាត់ទុកថានេះ គឺជាការប្រកួតដ៏មានសារៈសំខាន់មួយ ក្នុងការវាស់ស្ទង់គុណភាពបច្ចេកទេសរបស់កីឡាករកម្ពុជា ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ជាតិ និងអន្តរជាតិឱ្យកាន់តែប្រសើរបន្ថែទៀតផងដែរ។
​ តំណាងឲ្យសហព័ន្ធកីឡាទោចក្រយានកម្ពុជា លោកអគ្គលេខាធិការបានបង្ហាញក្តីសោមនស្សរីករាយឥតឧបមា ដែលមានការគាំទ្រពីក្រុមហ៊ុន និងដៃគូសហការឧបត្ថម្ភជាថវិកា និងសម្ភារដល់សហព័ន្ធ សម្រាប់ការចំណាយទៅចូលរួមការប្រកួត ព្រឹត្តិការណ៍អន្តរជាតិនេះ ដែលមានទឹកប្រាក់សរុប ៣ ៦០០ដុល្លារអាមេរិក ទទួលបានពី Sakky Cambodia Koi Farm: $1000, CCN $750, ក្រុមកង់ 6A ចម្រុះ: $650, Flyingbikes2 $300, ក្រុមកង់ត្រពាំងឈូកសាខា៥៩៨ $300, MORAKOT GENERAL IMPORT EXPORT CO.,LTD $300 និងCariotta $300។
​ លោកសង្កត់ធ្ងន់ថា ការជួយឧបត្ថម្ភនេះសបញ្ជាក់ឱ្យឃើញថា វិស័យឯកជនបានយកចិត្តទុកដាក់ខ្លាំង ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យកីឡាជាតិ និងដល់សហព័ន្ធ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីជួយជ្រោមជ្រែងពន្លឿនវិស័យកីឡជំនាញមួយនេះឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print