ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី បានអញ្ជើញចូលរួមមិទ្ទិញមហាជនអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃថ្ងៃកំណើត “រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា” ក្រោមអធិបភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធាន នៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដោយមានការចូលរួមពី លោក លោកស្រី សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល តំណាងអង្គទូត និងបណ្តាស្ថាប័នពាក់ព័ន្ធអញ្ចើញចូលរួម នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។
ថ្ងៃ០២ ធ្នូ ឆ្នាំ២០២៣នេះ ជាខួបលើកទី៤៥ឆ្នាំ ថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលជាកម្លាំងមហាសាមគ្គីប្រជាជនទាំងក្នុង និងក្រៅប្រទេស ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ របស់គណបក្សប្រជាជនកម្ពុជា។
“រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា” បច្ចុប្បន្នត្រូវបានដូរឈ្មោះជា “រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា” បង្កើតនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ក្នុងតំបន់រំដោះនាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ។ ឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្ស ប្រជាជនគ្រប់ទិសទី បានក្រោកឈររួបរួមគ្នា ជាកម្លាំងមហាសាមគ្គីជាតិ និងដោយមានការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក បានផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
មហាជ័យជម្នះ ៧ មករា ១៩៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្ដិសាស្ដ្រកម្ពុជា បានបើកឡើងនូវសករាជថ្មី ប្រជាជនកម្ពុជាយើងក៏បានទទួលមកវិញនូវសិទ្ធិសេរីភាព និងឱកាសដើម្បីស្ដារកសាងមាតុភូមិរបស់ខ្លួនឡើងវិញ។ ប្រជាជនគ្រប់រូបសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ ៧ មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ “នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ”៕