លោកបណ្ឌិត អ៊ាង សុផល្លែត ជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុនស៊ី-ឃ្វេស ឃែភី ថល (C-Quest Capital) នៃប្រទេសសិង្ហបុរី អំពីការបេីកទំព័រថ្មីនៃការធ្វេីពាណិជ្ជកម្មកាបូន ក្រោមមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ

ចែករំលែក៖

ឌូបៃ÷ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ ក្នុងកំឡុងចូលរួមព្រឹត្តិការណ៍នៃសន្និសីទកំពូលបណ្តាភាគី នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៨ (COP28) នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់អេមីរ៉ាត់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួង បរិស្ថាន តំណាងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូកម្ពុជាចូលរួមពិភាក្សាជាមួយតំណាងក្រុមហ៊ុនស៊ី-ឃ្វេស ឃែភី ថល (C-Quest Capital) នៃប្រទេសសិង្ហបុរី អំពីការបេីកទំព័រថ្មីនៃការធ្វេីពាណិជ្ជកម្មកាបូន ក្រោមមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។

ក្នុងជំនួបនេះលោករដ្ឋមន្ត្រី បានលើកឡើងអំពីវិស័យអាទិភាពនិងការវិនិយោគបៃតងនៅកម្ពុជា ការបង្កើនគម្របព្រៃឈើឱ្យបាន៦០% ការលើកកម្ពស់ជីវភាពសហគមន៍តាមរយៈការដាំឬស្សី និងការជំរុញកម្ពុជាស្អាតតាមរយៈយុទ្ធនាការមិនប្រើថង់ប្លាស្ទិក។

ចំណែក តំណាងប្រធានក្រុមហ៊ុនស៊ី-ឃ្វេស ឃែភី ថល បានលើកឡើងពីគម្រោងវិនិយោគឥណទានកាបូនពីចង្រ្កានប្រសិទ្ធភាព ដែលបង្កើនឥណទានកាបូនប្រមាណជាង៥លានតោនសមមូលឧស្ម័នកាបូនិក និងបានស្នើសុំកិច្ចសហការពីក្រសួងបរិស្ថាន ដើម្បីទទួលបានសិទ្ធិក្នុងការវិនិយោគលើគម្រោងនេះ។ ភាគីទាំងពីរបានឯកភាពជាគោលការណ៍ដើម្បីជំរុញកិច្ចសហ ប្រតិបត្តិការនេះឲ្យលឿនតាមដែលអាចធ្វើទៅបាន៕

...

ដោយ៖សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print