ខេត្តកែប៖ ជាមោទនភាពបំផុតរបស់កម្ពុជា គ្រាន់តែ ក្នុងឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តទាំង៤នៃតំបន់ឆ្នេរសមុទ្រកម្ពុជា បានដាក់ពាក្យឆ្នេរបេក្ខភាពចំនួន៣០ឆ្នេរ ព្រែកបេក្ខភាពចំនួន៣២ព្រែក ដើម្បីចូលរួមការប្រឡងប្រណាំងឆ្នេរកម្សាន្តលើកទី៤ និងព្រែកកម្សាន្តលើកទី១ របស់គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ច.ក.) ក្នុងនោះខេត្តកែបមានបេក្ខភាព ៣ ឆ្នេរ និង ព្រែកចំនួន២ ទទួលបានជ័យលាភី។លទ្ធផលឆ្នេរជ័យលាភីទាំង៣ មានទី១. ឆ្នេរថ្ងៃបាំងឆ័ត្រ ស្ថិតនៅក្នុងសង្កាត់ព្រៃធំ ក្រុងកែប “កម្រិតល្អណាស់” ២. ឆ្នេរអង្កោល ស្ថិតនៅក្នុងឃុំអង្គោល ស្រុកដំណាក់ចង្អើរ “កម្រិតមធ្យម” និងទី៣. ឆ្នេរដើមបើស ស្ថិតនៅក្នុងសង្កាត់កែប ក្រុងកែប “កម្រិតមធ្យម”។ ដោយឡែក ព្រែកជ័យលាភីចំនួន២ មានទី១ ព្រែកអង្កោល ក្នុងឃុំអង្កោល ស្រុកដំណាក់ចង្អើរ “ល្អបង្គួរ” ទី២ ព្រែកកោងកាងអូរក្រសារ ស្ថិតនៅក្នុងសង្កាត់អូរក្រសារ ក្រុងកែប “មធ្យម”។
លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ច.ក.) បានលើកឡើងថា ធនធានតំបន់ឆ្នេរបានផ្តល់ប្រយោជន៍ច្រើន ដល់បងប្អូនប្រជានេសាទ ក្នុងការចិញ្ចឹមជីវិតប្រចាំថ្ងៃ ទន្ទឹមហ្នឹងនោះ ការរៀបចំតំបន់ឆ្នេរសម្រាប់ទាក់ទាញទេសចរក៏បានរកប្រាក់ចំណូលជាច្រើន ដល់ពលរដ្ឋផងដែរ។
លោកបន្តថា វិស័យឧស្សាហកម្មគ្មានផ្សែងនៅខេត្តតំបន់ឆ្នេរ មានសក្តានុពលខ្លាំង ជួយជំរុញដល់ការនាំចេញផលិតផលកសិកម្មនៅហ្នឹងកន្លែង។ លោកបានណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរខេត្តជាប់មាត់សមុទ្រទាំង៤ ត្រូវសហការគ្នាណែនាំអប់រំផ្សាយ អំពីសារប្រយោជន៍ នៃការអភិវឌ្ឍន៍ ប្រកបដោយចីរភាព នៅតាមតំបន់ឆ្នេរ ក្នុងគោលបំណងដើម្បីលើកកម្ពស់ធនធានធម្មជាតិតំបន់ឆ្នេរផង និងផ្សាព្វផ្សាយសកត្តានុពលទៅទេសចរជុវិញពិភពលោកផង។គួរបញ្ជាក់ថា នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ច.ក.) បានរៀបចំពិធីប្រគល់ជ័យលាភីចំណាត់ថ្នាក់ក្នុងការប្រឡងប្រណាំង ឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៤ និងព្រែកកម្សាន្តស្អាតលើកទី១ ឆ្នាំ២០២៣ នៅសាលាខេត្តកែប ក្រោមអធិបតីភាព លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) និងលោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្រ្តៃយ៍នៃ គ.អ.ឆ.ក និងលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប រួមជាមួយលោក លោកជំទាវ ប្រតិភូ អមដំណើរជាច្រើនរូបទៀត។
សូមបញ្ជាក់ថា : នៅថ្ងៃសៅរ៍ ៥រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីបើកពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ដែលប្រារព្ធធ្វើឡើងនៅខេត្តកែប។
សូមជម្រាបជូនថា : ពិធីបុណ្យសមុទ្រត្រូវបានរៀបចំជាលើកដំបូងនៅក្នុងឆ្នាំ២០១១ ក្នុងខេត្តព្រះសីហនុ ដើម្បីអបអរសាទរឆ្នេរសមុទ្រកម្ពុជា បានចូលជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក។ ពិធីបុណ្យសមុទ្រ ត្រូវបានរៀបចំឡើងដោយឈរលើគោលការណ៍ នៃការឆ្លាស់វេនគ្នានៅខេត្តតំបន់ឆ្នេរទាំង៤ (ព្រះសីហនុ កោះកុង កំពត កែប) គោលបំណងនៃពិធីបុណ្យសមុទ្រ គឺដើម្បីរួមគ្នាអភិរក្សការពារធនធានធម្មជាតិសមុទ្រ និងថែរក្សាបរិស្ថាន ឆ្នេរឱ្យបានស្អាត ដើម្បីបម្រើដល់ការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចិរភាព និងការទទួលខុសត្រូវ ព្រមទាំងលើក តម្កើងការផ្សព្វផ្សាយគោលដៅទេសចរណ៍តំបន់ឆ្នេរកម្ពុជាឱ្យកាន់តែទូលំទូលាយ ទាក់ទាញទេសចរជាតិ និងអន្តរជាតិមកទស្សនាកាន់តែច្រើន។
ពិធីបុណ្យសមុទ្រនេះត្រូវបានខកខានអស់រយៈពេលពីរឆ្នាំ គឺឆ្នាំ២០២០ និង២០២១ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩ ហើយបានរៀបចំឡើងវិញនៅឆ្នាំ២០២២ ក្នុងខេត្តព្រះសីហនុ បន្ទាប់ពីរាជរដ្ឋាភិបាលបានយកឈ្នះលើការរាតត្បាតជំងឺកូវីដ១៩។
ពិធីបុណ្យសមុទ្រលើកទី១០ នៅក្នុងខេត្តកែប ធ្វើឡើងក្រោមប្រធានបទ «ទាំងអស់គ្នា ដើម្បីទេសចរណ៍» មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ ដោយបានបែងចែកជាបីតំបន់ រួមមានតំបន់ A ស្ថិតនៅទីតាំងពយអភិវឌ្ឍជាប់ផ្សារក្តាម, តំបន់ B ស្ថិតនៅទីតាំងឆ្នេរងូតទឹកកម្សាន្ត «ខ្ញុំស្រឡាញ់ ខេត្តកែប (I LOVE KEP)» និងតំបន់ C ស្ថិតនៅទីតាំងមុខសាលាខេត្តកែប។ តំបន់ទាំងបីនេះ ត្រូវបានរៀបចំឡើង ដោយមានកម្មវិធីជាសកម្មភាពនានាសម្រាប់ទេសចរ និងសាធារណជនមកទស្សនាកម្សាន្ត៕