មន្ត្រីអ៉ីស្រាអែល៖ កម្លាំងទាហានថ្មើជើង កំពុងធ្វើប្រតិបត្តិការ នៅទូទាំងតំបន់ហ្គា​ហ្សា

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣ បានផ្សាយថា យោធាអ៉ីស្រាអែល បានឱ្យដឹងថា កងទ័ពថ្មើរជើងរបស់ខ្លួនកំពុងធ្វើប្រតិបត្តិការនៅទូទាំងតំបន់ហ្កាហ្សា គួបផ្សំជាមួយការទម្លាក់គ្រាប់បែកលើផ្នែកជាច្រើននៃតំបន់នេះកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅដោយសម្លាប់និងធ្វើឱ្យជនជាតិប៉ាឡេស្ទីនរាប់សិបនាក់រងរបួស ខណៈដែលជនស៊ីវិល ស្វែងរកទីជម្រកជ្រកកោនតាមផ្នែកខ្លះនៃភាគខាងត្បូង។

ក្រុមហាម៉ាស់ក៏បានអះអាងដែរថាក្រុមអ្នកប្រយុទ្ធរបស់ខ្លួនបាននិងកំពុងប្រយុទ្ធជាមួយកងទ័ពអ៉ីស្រាអែលនៅចម្ងាយ២គីឡូម៉ែត្រពីទីក្រុង Khan Younis ស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សា ជាទីដែលជនស៊ីវិលជាច្រើនកំពុងជ្រកកោន ក្រោយពួកគេភៀសខ្លួនចេញពីការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែលលើភាគខាងជើង។ យោធាអ៉ីស្រាអែលធ្លាប់បានបង្គាប់ឱ្យជនជាតិប៉ាឡេស្ទីនជម្លៀសខ្លួនចេញពីតំបន់មួយចំនួនស្ថិតនៅក្នុងនិងក្បែរ ទីក្រុង Khan Younis ប៉ុន្តែមិនបានប្រកាសពីការធ្វើប្រតិបត្តិការវាយលុកថ្មីណាមួយលើតំបន់ភាគខាងត្បូងនោះទេ។
ទោះយ៉ាងណាក៏ដោយ អ្នកនាំពាក្យកងទ័ពអ៉ីស្រាអែល លោក Daniel Hagari បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងទីក្រុង Tel Aviv ថា កងកម្លាំង IDF កំពុងបន្តពង្រីកប្រតិបត្តិការជើងគោករបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស់នៅទូទាំងតំបន់ហ្កាហ្សា ដែលនេះជាសញ្ញាមួយបង្ហាញថា ផែនការវាយលុកលើភាគខាងត្បូងនៃតំបន់ហ្កាហ្សារបស់អ៉ីស្រាអែលបានចាប់ផ្ដើមហើយ។
បើតាមក្រសួងសុខាភិបាល តំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស់ ជនជាតិប៉ាឡេស្ទីនជាង ១៥,៥២៣នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិលត្រូវបានសម្លាប់នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែល ជាការសងសឹកទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស់ កាលពីថ្ងៃទី៧ ខែតុលា ដែលបានសម្លាប់ជនជាតិអ៉ីស្រាអែល ១២០០នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិល៕ ដោយធីរីណា

...

រូប​ថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print