ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១ក្រោមប្រធានបទ «ដំណោះស្រាយប្រកបដោយនវានុវត្តន៍ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌» នៅសាលមហោស្រពកោះពេជ្រ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល បានខិតខំកែលំអរជីវភាពរស់នៅ និងធានាកាត់បន្ថយភាពក្រីក្ររបស់ជនមានពិការភាព តាមរយៈការលើកកម្ពស់អាជីពមុខរបរសមរម្យ ការងារ និងការផ្តល់ប្រាក់របបគោលនយោបាយផ្សេងៗ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្រៅពីនេះ សប្បុរសជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍនានា បានចូលរួមចំណែកទាំងធនធានថវិកា ធនធានមនុស្សដើម្បីជាឧត្តមប្រយោជន៍ សម្រាប់ជនមានពិការភាពនៅកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល មានចក្ខុវិស័យច្បាស់លាស់ សម្រាប់ជនមានពិការភាព និងក្រុមគ្រួសារ ឱ្យមានគុណភាពជីវិតល្អ ចូលរួមយ៉ាងសកម្មស្មើភាពនៅក្នុងសង្គម ដែលមានការគោរពសិទ្ធិនិងសេចក្តីថ្លៃថ្នូរ ព្រមទាំងការធ្វើបរិយាប័ន្នពិការភាពក្នុងគ្រប់វិស័យ។
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ជា សុមេធី បានលើកឡើងថា នៅឆ្នាំ២០២៣នេះ ជនមានពិការភាពចូលបម្រើការងារ តាមស្ថាប័នរដ្ឋ និងវិស័យឯកជនទូទាំងប្រទេសសរុបជាង ៧ពាន់នាក់។
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចបានឱ្យដឹងថា ៖ ជនមានពិការភាពចូលបម្រើការងារ ក្នុងក្រសួង-ស្ថាប័នរដ្ឋចំនួន៣៩ មានជនមានពិការភាពចូលបម្រើការងារចំនួន ៣ ៧៧៦នាក់ ក្នុងនោះស្រ្តីចំនួន ៨៦៩នាក់ ជនមានពិការភាពកម្រិតធ្ងន់ចំនួន ២,៣៥១នាក់ ស្មើ ២,០៥% ក្នុងឆ្នាំ២០២៣។
លោក ជា សុមេធី បានឱ្យដឹងទៀតថា ៖ ដោយឡែក វិស័យឯកជនរួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រសរុបចំនួន២៤១ ជនមានពិការភាពបានចូលបម្រើការងារចំនួន ៣ ៧៥៩នាក់ ស្រ្តីចំនួន ៣ ៦៣១នាក់ ៕