ភ្នំពេញ៖ ភ្លៀវជនជាតិកូរ៉េ២នាក់បានរងរបួស ខណៈជិះរថយន្តតាក់សុីមួយគ្រឿង ធ្វើដំណើរយ៉ាងលឿនមិនប្រយ័ត្នជ្រុលទៅបុករបាំងថ្មបង្កាន់ដៃស្ពានអាកាស៥មករា ពេញទំហឹងបង្កជាអណ្តាតភ្លើងឆាបឆេះរថយន្តគ្មានសល់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុចស្ពានអាកាស៥មករា តាមបណ្តោយមហាវិថី សហព័ន្ធរុស្សុី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាកតូយ៉ូតា ព្រុស ពណ៌ស្លែ មិនចាំស្លាកលេខបានធ្វើដំណើរតាមបណ្តោយ មហាវិថីសហព័ន្ធរុស្សីក្នុងទិសដៅពីលិចទៅកើតដោយល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានរេចង្កូតទៅបុកបង្កាន់ដៃស្ពាន អាកាស៥មករាពេញទំហឹង បង្កជាអណ្តាតភ្លើងឆាបឆេះរថយន្តគ្មានសល់ រហូតកម្លាំងការិយាល័យបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានយករថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងមកបាញ់ពន្លត់ទើបភ្លើងរលត់ទៅវិញ១០០ភាគរយ តែរថយន្តត្រូវបានបំផ្លាញស្ទើរតែទាំងស្រុងនៅសល់តែគ្រោងដែកប៉ុណ្ណោះ។
ក្រោយពេលកើតហេតុ ភ្លៀវជាជនជាតិបរទេសត្រូវបានរថយន្តពេទ្យដឹកយកទៅសង្គ្រោះ ចំណែកម្ចាស់រថយន្តតាក់ស៊ី រត់គេចខ្លួនបាត់ស្រមោល រីឯរថយន្តត្រូវបានកម្លាំងការិយាល័យចរាចរណ៍ជើងគោកធ្វើការវាស់វែងយកទៅរក្សាទុក រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមនីតិវិធីច្បាប់៕