រុស្ស៊ីពង្រឹងទំនាក់ទំនងជាមួយប្រទេសអារ៉ាប់ដែលជាប្រទេសផលិតប្រេងសំខាន់របស់ពិភពលោក

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣ បានផ្សាយថា លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអូ៊ឌីត នៅក្នុងសប្ដាហ៍នេះ ហើយបើជាការពិតមែន នោះវានឹងក្លាយជាទស្សនកិច្ចដ៏កម្ររបស់លោក ពូទីន នៅបរទេសចាប់តាំងពីតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ចេញដីកាចាប់ខ្លួនរូបលោកមក។
សេចក្ដីរាយការណ៍ពីដំណើរទស្សនកិច្ចរបស់លោក ពូទីន កើតមានឡើងបន្ទាប់ពីក្រុមប្រទេសផលិតប្រេង OPEC+ ដែលរួមមានរុស្ស៉ី អេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអូ៊ឌីតជាសមាជិកផងនោះ បានឯកភាពគ្នាកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនលើការស្ម័គ្រចិត្តកាត់បន្ថយការផលិតប្រេងប្រហែល ២.២លានបារ៉ែលក្នុងមួយថ្ងៃ។
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី Shot ដោយផ្អែកលើការដកស្រង់សម្ដីពីលោក Yury Ushakov ជាមន្ត្រីជំនិតម្នាក់របស់លោក ពូទីន បានឱ្យដឹងថាលោក ពូទីន នឹងធ្វើដំណើរទៅកាន់អេមីរ៉ាតអារ៉ាប់រួមជាមុន ហើយទើបបន្តដំណើរទៅកាន់អារ៉ាប៊ីសាអូ៊ឌីត ជាទីដែលលោកនឹងត្រូវជួបជាមួយព្រះអង្គម្ចាស់រជ្ជទាយាទ មហាំម៉ាត់ ប៊ីន សាល់ម៉ាន។ «ខ្ញុំសង្ឃឹមថាវានឹងក្លាយជាកិច្ចចរចាប្រកបដោយផ្លែផ្កា ដែលយើងបានចាត់ទុកថាមានសារៈសំខាន់បំផុត»។ នេះជាការលើកឡើងរបស់លោក Ushakov។
លោក ពូទីន ប៉ុន្មានឆ្នាំថ្មីៗនេះកម្រនឹងធ្វើដំណើរទៅក្រៅប្រទេសណាស់ ចាប់តាំងពីតុលាការ ICC ចេញដីកាចាប់ខ្លួនរូបលោកជុំវិញ ឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន។ លោក ពូទីន បានធ្វើដំណើរចេញក្រៅប្រទេសភាគច្រើនទៅកាន់បណ្ដាប្រទេសធ្លាប់ស្ថិតនៅក្នុងអតីតសហភាពសូវៀតតែប៉ុណ្ណោះ ហើយដំណើរចុងក្រោយរបស់លោកចេញក្រៅពីប្រទេសទាំងនេះគឺការធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន កាលពីខែតុលាកន្លងទៅនេះ។
ទាំងអារ៉ាប៊ីសាអូ៊ឌីតនិងអេមីរ៉ាតអារ៉ាប់រួម មិនមែនជាសមាជិក ICC នោះទេ ដូច្នេះលោក ពូទីន អាចធ្វើដំណើរទៅកាន់ប្រទេសទាំង២នេះ ដោយមិនចាំបាច់បារម្ភពីការចាប់ខ្លួនតាមដីការបស់ ICC នោះឡើយ៕ ដោយធីរីណា

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print