ភ្នំពេញ ៖ នៅក្នុងវេទិការពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានី ជាមួយប្រជាពល រដ្ឋនៅខណ្ឌកំបូល ប្រជាពលរដ្ឋ បានស្នើសុំឱ្យអាជ្ញាធរ រាជធានី ជួយតបណ្ដាញទឹកស្អាត ធ្វើផ្លូវបេតុង ដាក់លូ ស្ដារប្រឡាយ នឹងដាក់ បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ ។
ប្រជាពលរដ្ឋ បានស្នើសុំបែបនេះ ខណៈ
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ ឆ្នាំ២០២៣ បានប្រព្រត្ដឹទៅ ថ្ងៃអង្គារ៏៨រោច ខែកត្ដិក ឆ្នាំថោះបញ្ចា័កព.ស២៥៦៧ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ នៅសង្កាត់កន្ទោក ខណ្ឌកំបូល ក្រោមវត្តមាន លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស៊ុយ សេរិទ្ធ អភិបាលរងរាជធានី តំណាងឱ្យលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ ប្រជាពលរដ្ឋបានលើកឡើងជាសំណើ ផ្ទាល់មាត់ ចំនួន១៤នាក់ ដោយស្នើសុំឱ្យ រដ្ឋបាលរាជធានីភ្នំពេញ ជួយស្ថាបនាផ្លូវបេតុង សុំតបណ្តាញទឹកស្អាតចូលភូមិដ្ឋាន សុំធ្វើលូ ស្តារ ប្រឡាយ សុំជួយជុសជុលទំនប់ ជួយអន្តរាគមន៍ចំពោះការជីក កកាយទួលបុរាណ សុំជួយដាក់ភ្លើងស្តុបជាចរាចរណ៏ដើម ។
លោកឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល. បានបញ្ជាក់ថា៖ ការលើកឡើងជាសំណើ ផ្ទាល់មាត់របស់ប្រជាពលរដ្ឋ ដូចជាសុំស្ថាបនាផ្លូវ ការតណ្តាញទឹក ការស្តារ ប្រឡាយជាដើមនោះ មានសំណើ ខ្លះគឺមាននៅក្នុងគម្រោងរបស់ រាជធានីភ្នំពេញ នឹងខណ្ឌហើយ ហើយអ្វីដែលមិនមាននៅក្នុងគម្រោង យើងនឹងដាក់ចូលទៅក្នុងគម្រោងអភិវឌ្ឍន៍៣ឆ្នាំរំកិល រាជធានី,ខណ្ឌ , សង្កាត់។ ដោយឡែកចំពោះការសុំឱ្យ អន្តរាគមន៍ចំពោះការជីកកកាយទួលបុរាណ រដ្ឋបាលខណ្ឌនឹងឱ្យអភិបាលរងខណ្ឌចុះពិនិត្យជាក់ស្តែង ដោយសារតែអ្នកអនុវត្តនៃការជីកកកាយទួលបុរាណនោះខាងក្រសួងវប្បធម៌ជាអ្នកអនុវត្តឬ ក៏ខាងណាឱ្យប្រាកដ ។
លោកស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ ការស្នើសុំរបស់ប្រជាពលរដ្ឋលើការស្តារប្រឡាយ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវតែស្តារហើយ ដើម្បីបើកផ្លូវទឹកកុំឱ្យលិចលង់ភូមិដ្ឋានប្រជាពលរដ្ឋ ។ ពាក់ព័ន្ធនឹងការងារនេះដែរ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបានគិតគូរណាស់ ។ ជាទិសដៅខាងមុខនេះ រាជរដ្ឋាភិបាល មានគម្រោងធំមួយ ដោយនឹងប្រើប្រាស់ថវិកា រហូតដល់រាប់រយលានដុល្លារ ដើម្បីដោះស្រាយ ការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ ។ គម្រោងនេះមួយផ្នែក ត្រូវដោះស្រាយលើ ការបង្វែរផ្លូវទឹក កុំឱ្យចូលមករាជធានីភ្នំពេញនិងមួយផ្នែកទៀត សាងសង់ប្រព័ន្ធលូ ,ប្រឡាយ ដើម្បីរំដោះទឹកចេញ។
លោកបន្ដថា៖ តម្រូវការប្រជាពលរដ្ឋពិតជាច្រើន ប៉ុន្តែថវិការបស់យើងនៅមានកម្រិត ដូច្នេះទេ រដ្ឋបាលរាជធានីភ្នំពេញនឹងដោះស្រាយតែចំពោះ តែគម្រោងណាដែលចាំបាច់បំផុត ប៉ុណ្ណោះ សម្រាប់សំណើផ្សេងៗ ទៀតយើង នឹងដោះស្រាយជាបន្តបន្ទាប់ទៀត ពោលគឺមិនទុកចោលទេ គ្រាន់តែយូរ និង ឆាប់ប៉ុណ្ណោះ។
លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានបញ្ជាក់ថា៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ធ្វើឡើងដើម្បីឱ្យ អាជ្ញា ធររាជធានី,ខណ្ឌ,សង្កាត់ និងប្រជាពល រដ្ឋបានជួបគ្នា និងបានពិភាក្សាលើបញ្ហាផ្សេងៗ ដែលជាកង្វល់របស់ប្រជាពលរដ្ឋឱ្យអាជ្ញាធរ បានដឹងលឺ ហើយរួមគ្នាដោះស្រាយ ។
លោកបន្ដថា៖ វេទិកានេះ ធ្វើឡើងក្នុង១ឆ្នាំម្តង ក្នុងត្រីមាសទី៤ អំឡុងខែ តុលា វិច្ឆិកា និងខែធ្នូ ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើររបស់ប្រជាពលរដ្ឋ ។
វេទិកានេះ ក៏ចង់បង្ហាញឱ្យ ឃើញពីសកម្ម ភាពការងាររបស់អាជ្ញាធររាជធានីភ្នំពេញ ដែលបានបំពេញការងារបម្រើប្រជាពលរដ្ឋកន្លងមកថា តើបានគ្រប់ជ្រុងជ្រោយទេ ឬនៅមានចំណុចខ្វះខាតអ្វីខ្លះ ដើម្បីឱ្យប្រជាពលរដ្ឋលើកឡើងពីចំណុចខ្វះខាតទាំងនោះ យកមកបំពេញបន្ថែម ធ្វើយ៉ាងណាឱ្យរាជធា នីភ្នំពេញ មានសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថានល្អ មានការអភិវឌ្ឍ ជាមួយនិងការផ្តល់សេវាសាធារណៈបានកាន់តែល្អប្រសើរឆ្លើយតបទាន់ពេលវេលាជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទាំងមូល ៕