សារព័ត៌មាន AFP បានផ្សាយថា ជប៉ុនដែលជាប្រធាន G7 ក្នុងឆ្នាំ២០២៣នេះបានឱ្យដឹងថា ក្រុមមេដឹកនាំប្រទេស G7 នឹងរៀបចំកិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូមួយ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី នៅថ្ងៃពុធ ទី៦ ខែធ្នូនេះ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក Hirokazu Matsuno បាននិយាយថា នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នឹងរៀបចំកិច្ចប្រជុំកំពូល G7 តាមប្រព័ន្ធវីដេអូ ហើយនៅក្នុងកិច្ចប្រជុំនេះ ក្រៅតែពីមេដឹកនាំ G7 ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី ក៏នឹងមានវត្តមានចូលរួមដែរ។
តាមលោក Hirokazu Matsuno មេដឹកនាំ G7 រួមទាំងលោក ហ្សេលេនស្គី នឹងពិភាក្សាគ្នាពីស្ថានការណ៍នៅអ៊ុយក្រែន មជ្ឈិមបូព៌ា និងបញ្ញាសិប្បនិម្មិត AI ជាដើម។
លោក ហ្សេលេនស្គី កាលពីថ្ងៃអង្គារសប្ដាហ៍នេះបានលុបចោលកិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូជាមួយក្រុមសមាជិកព្រឹទ្ធសភាអាមេរិកដ៏គួរឱ្យភ្ញាក់ផ្អើល ខណៈលោកត្រូវបានគេរំពឹងថានឹងយកឱកាសនេះដើម្បីអំពាវនាវឱ្យសមាជិកព្រឹទ្ធសភាអាមេរិកបន្តគាំទ្រ និងផ្ដល់ជំនួយយោធា សម្រាប់អ៊ុយក្រែន៕
រូបថត: Reuters