សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣ បានផ្សាយថាកងកម្លាំងអ៉ីស្រាអែលបានបង្កើនការវាយលុកយ៉ាងសម្បើមលើទីក្រុង Khan Younis ជាទីក្រុងធំជាងគេបំផុតនៃភាគខាងត្បូងហ្កាហ្សា កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ខណៈដែលជនជាតិប៉ាឡេស្ទីនជាច្រើននាក់ត្រូវបានសម្លាប់និងរងរបួស។
ដោយចាត់ទុកថាជាថ្ងៃប្រយុទ្ធគ្នាដ៏ខ្លាំងបំផុតក្នុងសង្រ្គាមជើងគោកប្រឆាំងនឹងក្រុមហាម៉ាស់ ចាប់តាំងពីបទឈប់បាញ់ដួលរលំកាលពីសប្ដាហ៍មុនមក កងកម្លាំងអ៉ីស្រាអែលបាននិយាយថា កងទ័ពរបស់ខ្លួនដោយមានការគាំទ្រពីយន្ដហោះចម្បាំងបានវាយសម្រុកចូលដល់កណ្ដាលបេះដូងនៃទីក្រុង Khan Younis ហើយ និងកំពុងឡោមព័ទ្ធទីក្រុងមួយនេះ។
កងទ័ពអ៉ីស្រាអែលក៏កំពុងប្រយុទ្ធផងដែរជាមួយក្រុមហាម៉ាស់នៅឯជំរំជនភៀសខ្លួន Jabalia ទីក្រុងហ្កាហ្សា និងទីក្រុងស៊ូចាយយ៉ា (Shuja’iyya)។ ចំណែក កងពលតូច អាល់កសឹម (al Qassam) របស់ក្រុមហាម៉ាស់វិញបានអះអាងថា អ្នកប្រយុទ្ធរបស់ខ្លួនបានកម្ទេចឬធ្វើឱ្យខូចខាតយានយោធាអ៉ីស្រាអែល២៤គ្រឿង រីឯក្រុម snipers បានបាញ់ទាហានអ៉ីស្រាអែលស្លាប់ និងរបួស៨នាក់ ក្នុងការប្រយុទ្ធគ្នានៅទីតាំងជាច្រើនក្នុងទីក្រុង Khan Younis។
បើតាមក្រុមមន្ត្រីសុខាភិបាលក្នុងតំបន់ហ្កាហ្សា មនុស្សជាច្រើននាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើទីក្រុង ដៃ អាល់បាឡាស (Deir al-Balah) ស្ថិតនៅភាគខាងជើងទីក្រុង Khan Younis។ ព្រមពេលជាមួយគ្នា ប្រធានមន្ទីរពេទ្យស៊ូហាដា អាល់អឹកស (Shuhada Al-Aqsa Hospital) ក្នុងទីក្រុងដៃ អាល់បាឡាស បានប្រាប់ Reuters ថាមនុស្សយ៉ាងហោច ៤៥នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល៕ ដោយធីរីណា
រូបថត: TTXVN