ខេត្តបន្ទាយមានជ័យៈ យោងតាមអាខោនfacebook របស់លោកអភិបាលក្រុងប៉ោយប៉ែតលោកគាត ហ៊ុលដែលបានបង្ហោះលើបណ្ដាញសង្គមផ្លូវការរបស់លោកថាៈ ការបង្ហោះព័ត៌មានដែលមានចេតនាបង្អាប់បង្ខូចកិត្តិយសដល់ប្រទេសជាតិទាំងមូលដែលមិនអាចទទួលយកបាន!
ខ្ញុំស្នើសូមដល់កងកម្លាំង មន្ត្រីអនុវត្តច្បាប់មេត្តាមានវិធានការដោយមិនលើកលែងចំពោះបុគ្គលនេះជាដាច់ខាត។
ក្នុងនាមរដ្ឋបាលក្រុងប៉ោយប៉ែតខ្ញុំបាទសូមបញ្ជាក់ជូនថា កាលពីថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញនេះ ក្រុមការងាររដ្ឋបាលក្រុងប៉ោយប៉ែតដឹកនាំដោយរូបខ្ញុំផ្ទាល់រួមទាំងសង្កាត់ទាំង៥ ភូមិ ប្រជាការពារ លោកគ្រូ អ្នកគ្រូ សិស្សសាលា កងកម្លាំងប្រដាប់អាវុធទាំងបី បានសហការជាមួយរដ្ឋបាលស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃឡង់ដឹកនាំដោយលោក ចក្រផុង ផាន់ឆូត អភិបាលស្រុក បានសហការគ្នាធ្វើយុទ្ធនាការអនាម័យបរិស្ថាន លាងសម្អាត និងលាបថ្នាំលើស្ពានមិត្តភាពកម្ពុជា-ថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានអ្នកចូលរួមប្រមាណ ១,៥០០នាក់ ក្នុងន័យរឹតចំណងមិត្តភាពនិងក្នុងនាមជាបងប្អូនដែលជាក្រុង-ស្រុកជាប់គ្នារវាងប្រទេសកម្ពុជានឹងប្រទេសថៃ ហើយកន្លងមកភាគីទាំងពីរតែងតែមានទំនាក់ទំនងយ៉ាងស្និតរមួតរវាងគ្នានឹងគ្នា។
ការបង្ហោះផ្សាយព័ត៌មានដោយគ្មានមូលដ្ឋាននិងព្យាយាមបន្តុះបង្អាប់កិត្តិយសប្រទេសជាតិទាំងមូលគឺមិនអាចលើកលែងទោសឲ្យបាននោះទេ៕