ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តសណ្ដោងកុងតឺន័រដឹកទំនិញធុនធំមួយគ្រឿងគេចពីម៉ូតូឡើងលើសួនពុះចែកទ្រូងផ្លូវទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍មួយដើមនិងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមដួលរាបដល់ដីរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នៅត្រង់ចំណុចភ្លើងស្តុប៩២ តាមបណ្ដោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនកេីតហេតុគេឃេីញបុរសម្នាក់បេីករថយន្តសណ្ដោងទូកុងតឺន័រដឹកទំនិញធុនធំមួយគ្រឿង ពាក់ផ្លាកលេខខេមរភូមិន្ទ02-3-2363 ដោយបិទឡូហ្គោនៅពីមុខ កងដឹកជញ្ជូន(M70) ធ្វេីដំណេីរតាមបណ្ដោយផ្លូវហាណូយក្នុងទិសដៅពីជេីងទៅត្បូងដោយល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុមិនបន្ថយល្បឿននិងបានគេចពីម៉ូតូមួយគ្រឿងបេីកកាត់ពីមុខ ទេីបរថយន្តបង្ករេចង្កូតឡើងលើសួនពុះចែកទ្រូងផ្លូវទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍មួយដើម និងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមដួលរាបដល់ដីរងការខូចខាតយ៉ាងដំណំរួមទាំងរថយន្តបង្កផងដែរ តែមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សណាម្នាក់ឡេីយ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានធ្វើការឃាត់ខ្លួនតៃកុងរថយន្តបង្កប្រគល់ឱ្យនគរបាលជំនាញនិងធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុករង់ចាំធ្វេីការដោះស្រាយគ្នាបន្តនៅពេលក្រោយ៕ដោយ ៖ ភារ៉ា ដង្កោ